ក្រសួងទេសចរណ៍ និងសាលាទេសចរណ៍ វៀតណាម រួមគ្នាបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យបានឈានមុខគេ និងកម្រិតអន្តរជាតិ
ភ្នំពេញ៖ ក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយទទួលបានគោលការណ៍អនុញ្ញាត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញចូលរួមក្នុងទស្សនកិច្ចសាលាទេសចរណ៍ហាណូយ ដើម្បីដកស្រង់បទពិសោធ និងការបង្កើតកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងវៀតណាម។
ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី
បានពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈជាមួយលោក Bùi Tất Hiếu សាកលវិទ្យាធិការស្តីទីនៃសាលាទេសចរណ៍ហាណូយ
លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមហាវិទ្យាល័យទេសចរណ៍ហាណូយ
ជាមួយសាលាវិជ្ជាជីវៈទេសចរណ៍ និងវិទ្យាស្ថានជាតិទេសចរណ៍
តាមរយៈការរៀបចំអនុស្សរណៈយោគយល់គ្នា (MoU) នាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី
បានអញ្ជើញទស្សនាកន្លែងអនុវត្តជាក់ស្តែងរបស់និស្សិតដែលកំពុងសិក្សានៅសាលា
ជាពិសេសសាលបណ្តុះបណ្តាលអនុវត្តក្នុងការរៀបចំ និងចម្អិនម្ហូបអាហារ
ដែលបង្ហាញពីសមត្ថភាពបណ្តុះបណ្តាលជាក់ស្តែងក្នុងវិស័យបដិសណ្ឋារកិច្ច។
ជាមួយគ្នានេះ ភាគីខាងសាលាទេសចរណ៍ហាណូយ
ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍
ដោយផ្តល់ការគាំទ្រលើការបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីក្រសួងទេសចរណ៍កម្ពុជា
ព្រមទាំងផ្តល់គ្រូឧទ្ទេស និងអ្នកជំនាញចូលរួមក្នុងសិក្ខាសាលា
និងវគ្គបណ្តុះបណ្តាលនានានៅកម្ពុជា
ព្រមទាំងមានការពិភាក្សាលើការរៀបចំកម្មវិធីស្រាវជ្រាវរួម
និងការផ្លាស់ប្តូរសិស្ស-និស្សិតទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរ
បានឯកភាពបន្តពង្រឹងយន្តការសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាព និងជាក់ស្តែង
ដោយចាត់តាំងក្រុមការងារបច្ចេកទេសរៀងៗ ខ្លួន ដើម្បីរៀបចំផែនការសកម្មភាពអនុវត្ត
និងព្រាងខ្លឹមសារ អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចុះហត្ថលេខានាពេលខាងមុខ។
ភាគីទាំងពីរ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង
និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សទេសចរណ៍
ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍
ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងការបង្កើនភាពប្រកួតប្រជែងក្នុងតំបន់។
សូមជម្រាបជូនថា សាលាទេសចរណ៍ហាណូយ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលទេសចរណ៍ដំបូងបង្អស់នៅវៀតណាម
ដែលបានបើកដំណើរការនៅឆ្នាំ១៩៧២
ដោយផ្តល់ការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈទេសចរណ៍សំខាន់ៗ ចំនួន ៩
និងមាននិស្សិតចូលសិក្សាប្រមាណ ២,០០០ នាក់ក្នុងមួយឆ្នាំ៕









Post a Comment