ថាក់ស៊ីន មានសេរីភាពពេញលេញ ក្រោយការលើកលែងទោសពីព្រះមហាក្សត្រថៃ
បាងកក៖ នាយកដ្ឋានពន្ធនាគារថៃ កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានក្លាយជាមនុស្សមានសេរីភាពពេញលេញជាផ្លូវការ ជិតមួយសប្ដាហ៍បន្ទាប់ពីរូបលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។
លោក Thaksin Shinawatra មានអាយុ៧៦ឆ្នាំ បានអនុវត្តទោសអស់៨ខែ
នៃទោសជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទពុករលួយ និងរំលោភអំណាច
មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែឧសភាកន្លងទៅ ក្រោមហេតផលមានវ័យចំណាស់
និងសុខភាព។ នាយកដ្ឋានពន្ធនាគារថៃធ្លាប់បានបញ្ជាក់ថាលោក Thaksin ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាមួយការតម្រូវឱ្យពាក់ឧបករណ៍តាមដាន។
លោក Thaksin បានស្ថិតនៅក្នុងចំណោមអ្នកទោសជាច្រើននាក់ផ្សេងទៀតដែលទទួលបានការលើកលែងទោសពីព្រះមហាក្សត្រថៃ
កាលពីថ្ងៃទី៣ ខែមិថុនា ក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្មរបស់ម្ចាស់ក្សត្រីយ៍ Suthida
ដោយសារតែទោសសេសសល់របស់លោកមានរយៈពេលតិចជាងមួយឆ្នាំ។
នាយករដ្ឋានពន្ធនាគារថៃ កាលពីថ្ងៃអង្គារ
បានឱ្យដឹងថាឧបករណ៍តាមដានរបស់លោក Thaksin ក៏ត្រូវបានដោះចេញផងដែរ។ «ពន្ធនាគារបានចេញឯកសារដោះលែងជាផ្លូវការ
និងលិខិតបញ្ជាក់ពីការដោះលែងទៅឱ្យលោក Thaksin»។
នេះជាការគូសបញ្ជាក់របស់នាយករដ្ឋានពន្ធនាគារថៃ ជាមួយការបន្ថែមថាលោក Thaksin ចាប់ពីពេលនេះតទៅបានក្លាយជាមនុស្សមានសេរីភាពពេញលេញ៕ (AFP)

Post a Comment