ស្នងការដ្ឋាននគរបាលខេត្តកំពត បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆមាសទី១ និងពង្រឹងកណ្តាប់ដៃដែកលើបទល្មើសអាទិភាព
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ នេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទីមួយ ឆ្នាំ ២០២៦ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធូរិទ្ធ ស្នងការនគរបាលខេត្តកំពត និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោកស្នងការបានជំរុញ និងដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងចំណុះទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើទិសដៅការងារស្នូល និងបទល្មើសអាទិភាពចំនួន ៤ រួមមាន៖ ១. ការបង្ក្រាបក្មេងទំនើង៖ អនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង គ្មានការយោគយល់ ដើម្បីរក្សាសណ្តាប់ធ្នាប់ សាធារណៈ។ ២. ការបង្ក្រាបបទល្មើសគ្រឿងញៀន៖ បោសសម្អាត និងកម្ទេចឫសគល់នៃបណ្តាញចែកចាយក្នុងភូមិសាស្ត្រខេត្ត។ ៣. ការទប់ស្កាត់បទល្មើស Scam Online៖ បង្កើនការស្រាវជ្រាវ និងបង្ក្រាបរាល់ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប និង៤. គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព៖ ពង្រឹងសន្តិសុខពីមូលដ្ឋាន ដើម្បីផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តពិតប្រាកដជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលខេត្តកំពត ក្នុងការធានាឱ្យបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តតំបន់ឆ្នេរមួយនេះ៕






Post a Comment