រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូប្រវែង ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់សម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រាលមួយខ្សែ ប្រវែង៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ កសាងដោយអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេសប្រេស ខូអិលធីឌី ដោយចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ១,២២លានដុល្លារអាមេរិក ពោលគឺជាសមិទ្ធផលដ៏ថ្មីស្រឡាងដែលបានលេចជារូបរាងពេញលេញ ក្នុងអំឡុងពេលនៃរដូវកាលបៃតង ស្របនឹងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (ចាប់ពីខែឧសភា ដល់ខែតុលា)។
ពិធីសម្ពោធផ្លូវដែលជាសមិទ្ធផលដ៏ត្រចះត្រចង់នេះ
មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ, អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេសប្រេស ខូអិលធីឌី និងលោក
លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, លោក លោកស្រី
អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកយាយ លោកតា
អ៊ំ ពូមីង លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ក្មួយៗ សិស្សានុសិស្ស
និងយុវជនយ៉ាងច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនេះ
ឯកឧត្តមរដ្ឋមន្ត្រី បាននាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន
ម៉ាណែត,
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន
ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ និងឯកឧត្តម ហ៊ុន
ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ជូនចំពោះលោក
លោកស្រីទាំងអស់ ដែលមានវត្តមានក្នុងពិធីសម្ពោធនេះផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា សួរ វីរៈ
ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងធនធានថវិកាផ្ទាល់ខ្លួន
ក្នុងការកសាងផ្លូវមួយខ្សែនេះឡើង។ តួយ៉ាង អ្នកឧកញ៉ា
ក៏តែងតែបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា
នាពេលកន្លងមក ក្នុងបុព្វហេតុគាំទ្រ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី
បានគូសរំលេចថា ខេត្តកំពង់ស្ពឺ បាននិងកំពុងអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស
ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការវិនិយោគ។ គឺជាខេត្តមានលក្ខណៈអំណោយផល
ដោយកត្តាភូមិសាស្ត្រមានទីតាំងនៅជិតរាជធានីភ្នំពេញ សម្បូរដោយព្រៃភ្នំ
វាលស្មៅដ៏ស្រស់ស្អាត ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល មានសហគមន៍ជនជាតិដើមភាគតិច
និងជាខេត្តមានភាពល្បីល្បាញខាងការផលិតស្ករត្នោត អំពៅ និងស្រាផងដែរ។ ទាំងអស់នេះ
គឺជាកត្តាអំណោយផលដល់ការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗរបស់ខេត្ត ដែលរួមមាន
តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ, តំបន់សហគមន៍ទេសចរណ៍, តំបន់ទេសចរណ៍ធម្មជាតិ,
ទេសចរណ៍កែច្នៃ, តំបន់កសិ-ទេសចរណ៍
និងតំបន់គោលដៅទេសចរណ៍ថ្មីៗ។
ជាមួយនឹងការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម
ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ លោករដ្ឋមន្ត្រី
បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំដ៏ប៉ិនប្រសប់របស់ឯកឧត្តមបណ្ឌិត
ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត
ព្រមទាំងកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្ត
មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់
និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
ដែលបានធ្វើឱ្យខេត្តកំពង់ស្ពឺប្រែមុខមាត់យ៉ាងឆាប់រហ័ស និងប្រែក្លាយទៅជា «តំបន់ប៉ូលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់មួយ» របស់ប្រទេសកម្ពុជា។
រដ្ឋមន្ត្រី ហួត
ហាក់ ក៏បានគូសរំលេចបន្ថែមថា តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង
និងផ្លូវល្បឿនលឿន ខេត្តកំពង់ស្ពឺ បាននិងកំពុងស្រូបយកគម្រោងវិនិយោគ រោងចក្រ
សហគ្រាសធំៗជាច្រើន ព្រមទាំងកែប្រែមុខមាត់ពីខេត្តដែលធ្លាប់តែពឹងផ្អែកលើវិស័យកសិកម្ម
ទៅជាខេត្តកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដែលបង្កើតការងារជូនប្រជាពលរដ្ឋរាប់សែននាក់
និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។
តាមរយៈការសាងសង់ផ្លូវនេះ
ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា
ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដ៏មានសារៈសំខាន់នេះ
ប្រៀបបាននឹងការបង្កើតនូវសរសៃឈាមសេដ្ឋកិច្ច
និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ និងការវិនិយោគ ដែលនឹងផ្តល់តម្លៃបន្ថែម
ព្រមទាំងអត្ថប្រយោជន៍ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ផងដែរ៕




Post a Comment