អ៊ីស្រាអែលកម្ទេចផ្លូវរូងក្រោមដីប្រវែង ២០០ម៉ែត្ររបស់ហេសបូឡា នៅភាគខាងត្បូងលីបង់
គែរ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថាយោធាអ៊ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល
លោក Israel
Katz លោក Benjamin Netanyahu បានឱ្យដឹងថាសហរដ្ឋអាមេរិកត្រូវបានជូនដំណឹងជាមុនពីការវាយប្រហាររបស់អ៊ីស្រាអែល
ដែលបានកម្ទេចផ្លូវរូងក្រោមមួយកន្លែងមានប្រវែង ២០០ម៉ែត្ររបស់ក្រុមហេសបូឡា
ស្ថិតនៅក្នុងភូមិមួយនៃទីក្រុង Majdal Zoun។
ការវាយប្រហារនេះកើតមានឡើងតែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលីបង់
និងអ៊ីស្រាអែលបានព្រមព្រៀងគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក
ដើម្បីបិទបញ្ចប់អរិភាពនៅតាមបណ្ដោយព្រំដែន។ កិច្ចព្រមព្រៀងនេះបានចែងឱ្យអ៊ីស្រាអែលដកកងទ័ពចេញពីផ្នែកខ្លះនៃទឹកដីភាគខាងត្បូងរបស់លីបង់ជាដំណាក់កាលៗ
រួមជាមួយ ការដាក់ពង្រាយកងទ័ពលីបង់។ ប៉ុន្តែបើតាមលោក Netanyahu អ៉ីស្រាអែលនឹងមិនដកទ័ពចេញពីភាគខាងត្បូងលីបង់នោះទេ
ដរាបណាក្រុមហេសបូឡាមិនត្រូវបានរំសាយអាវុធ ទាំងស្រុង។
បើតាមសេចក្ដីថ្លែងការណ៍រួមខាងលើ
ផ្លូវរូងក្រោមដីរបស់ក្រុមហេសបូឡាដែលត្រូវបានកម្ទេចមានស្ដុកទុកអាវុធ
និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែររាប់រយ។ ការវាយប្រហារនេះដែរ
កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយយោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានវាយប្រហារលើក្រុមហេសបូឡា
និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតមួយក្នុងទីក្រុង Nabatieh នៃភាគខាងត្បូងលីបង់។
ជាការឆ្លើយតបទៅនឹងការវាយប្រហារពីអ៊ីស្រាអែល
មេដឹកនាំក្រុមហេសបូឡា លោក Naim
Qassem បានច្រានចោលកិច្ចព្រមព្រៀងសន្តិសុខរវាងលីបង់ និងអ៊ីស្រាអែលដោយចាត់ទុកថាជាការសុំចុះចាញ់អ៊ីស្រាអែល
ហើយអះអាងថាចលនាប្រដាប់អាវុធរបស់លោកនឹងបន្តតស៊ូប្រយុទ្ធដើម្បីការពារទឹកដីរបស់ខ្លួន៕ (Reuters)

Post a Comment