គណៈបញ្ជាការឯកភាពស្រុកដំណាក់ចង្អើរ ប្រជុំផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក ឆាង ឆៃ អភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង ៧ចំណុច» និងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពីឃុំអង្កោល និងឃុំពងទឹក។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ
ធ្វើឡើងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប
អោយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ
សណ្តាប់ធ្នាប់សង្គម ការពារកុំឱ្យមានចោរលួចចោរប្លន់ និងត្រូវតែលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។
នៅក្នុងអង្គប្រជុំនោះ លោក ឆាង ឆៃ អភិបាលស្រុក បានមានប្រសាសន៍ណែនាំ និងធ្វើការអប់រំផ្សព្វផ្សាយដោយផ្ទាល់ ទៅកាន់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ឬម្ចាស់ទីតាំង ត្រូវបញ្ឈប់ជួល ឬផ្តល់ទីតាំងឱ្យពួកប្រព្រឹត្តលេងល្បែងសុីសងខុសច្បាប់ទៀតទៅ។ លោកអភិបាលស្រុក បានសង្កត់ធ្ងន់ថា វិធានការអប់រំជាមុន គឺជាការផ្តល់ឱកាស និងអប់រំផ្សព្វផ្សាយជាមុន ដើម្បីឱ្យបងប្អូនម្ចាស់ទីតាំងដកខ្លួន និងបញ្ឈប់ការជួលផ្ទឬផ្តល់ទីតាំងឱ្យលេងល្បែងខុសច្បាប់ទាំងនោះជាបន្ទាន់។
លោកអភិបាលស្រុកបញ្ជាក់ថា បន្ទាប់ពីការផ្សព្វផ្សាយនេះ កម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពស្រុក នឹងចុះអនុវត្តវិធានការរដ្ឋបាលចំហ ដោយចុះចាប់យកវត្ថុតាងទាំងអស់តាមផ្ទះ ដោយគ្មានការលើកលែងឡើយ។រដ្ឋបាលស្រុកនឹងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ទៅលើបុគ្គលណាដែលនៅតែបន្តឃុបឃិត ផ្តល់ទីតាំងឱ្យ បើកល្បែងស៊ីសងខុសច្បាប់ ស្របតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ឆ្នាំ១៩៩៦។
ជាមួយគ្នានេះ រដ្ឋបាលស្រុកដំណាក់ចង្អើរ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរាយការណ៍ និងបញ្ឈប់ការផ្តល់ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរួមគ្នាកសាងភូមិឃុំរបស់យើងឱ្យមានសុវត្ថិភាព គ្មានបទល្មើស និងនាំមកនូវសេចក្តីសុខសាន្តជូនគ្រួសារ និងសង្គមជាតិ៕







Post a Comment