ក្រុមហ៊ុនឈានមុខផ្នែកសេវាកម្មអាកាសចរណ៍អន្តរជាតិពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន Hadid International Services (HADID) ដែលឈានមុខផ្នែកសេវាកម្មអាកាសចរណ៍អន្តរជាតិពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងពិចារណាភ្ជាប់ជើងហោះហើររបស់ខ្លួនមកប្រទេសកម្ពុជា។
នៅថ្ងៃទី២៩
ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
បានអនុញ្ញាតជូនលោកស្រី Aida Ismail តំណាងក្រុមហ៊ុន
និងជានាយិកាប្រចាំតំបន់ និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម
និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍
ដោយផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា
ការពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់ក្រុមហ៊ុនមកកាន់ប្រទេសកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបនេះ
លោកស្រី Aida Ismail បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចូលជួបពិភាក្សាការងារ
ព្រមទាំងបានធ្វើបទបង្ហាញអំពីប្រវត្តិ និងសកម្មភាពរបស់ក្រុមហ៊ុន Hadid
Aviation ដែលជាក្រុមហ៊ុនឈានមុខផ្នែកសេវាគាំទ្រអាកាសចរណ៍អន្តរជាតិ
ដែលបង្ហាញពីគោលបំណងចូលរួមជាមួយក្រសួងទេសចរណ៍
ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
តាមរយៈបណ្តាញដៃគូអន្តរជាតិ ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ
ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ
ក៏ដូចជាការស្វែងរកឱកាសពង្រីកសេវាកម្មអាកាសចរណ៍ ដូចជា Jet Charter និង MEDEVAC នៅកម្ពុជា។ បន្ថែមពីលើនេះ
ក្រុមហ៊ុនក៏បានបង្ហាញពីគម្រោងផ្សព្វផ្សាយរឿងរ៉ាវ និងសក្តានុពលរបស់កម្ពុជា
តាមរយៈការបោះពុម្ពសៀវភៅ និងការបកប្រែជាង ៣០ ទៅ ៥០ ភាសា
ដើម្បីឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែទូលំទូលាយផងដែរ។
ជាកិច្ចឆ្លើយតប
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់
និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន
ក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា
និងពង្រឹងការតភ្ជាប់ផ្លូវអាកាសពីតំបន់មជ្ឈិមបូព៌ាមកកាន់រាជធានីភ្នំពេញ
និងខេត្តសៀមរាប ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពរៀបចំដំណើរកម្សាន្តសិក្សា
(FAM Trip) ដើម្បីទាក់ទាញភ្ញៀវទេសចរ
និងវិនិយោគិនពីសហព័ន្ធអារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ាមកកម្ពុជា
ព្រមទាំងសិក្សាលទ្ធភាពបង្កើតជើងហោះហើរត្រង់ ឬ ជើងហោះហើរឯកជនបន្ថែម
ជាពិសេសមកកាន់ខេត្តសៀមរាប និងជំរុញការអភិវឌ្ឍទេសចរណ៍ VIP និង
Business Aviation។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានស្នើឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយវីដេអូ
និងខ្លឹមសារអំពីសក្តានុពលទេសចរណ៍កម្ពុជាតាមបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន រួមទាំង
Showroom បណ្តាញសង្គម
និងអេក្រង់ក្នុងយន្តហោះក្នុងការចូលរួមគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជា
នារដូវបៃតង» រួមទាំងការផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវមូស្លីម។
គួរបញ្ជាក់ផងដែរថា
ឆ្នាំ២០២៦ គឺជាខួបលើកទី៣២ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា
និងសហព័ន្ធអារ៉ាប់រួម
ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
និងអាកាសចរណ៍។ នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ខណៈក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦
កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥ លាននាក់
ក្នុងនោះមានភ្ញៀវមកពីតំបន់មជ្ឈិមបូព៌ាប្រមាណ ១.២០០ នាក់
ដែលឆ្លុះបញ្ចាំងពីសក្តានុពលនៃទីផ្សារនេះ។
សូមជម្រាបជូនថា
ក្រុមហ៊ុន Hadid Aviation មានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃ
ប្រទេសសហព័ន្ធអារ៉ាប់រួម និងមានបទពិសោធន៍ជាង ៤០ ឆ្នាំ
ក្នុងការផ្តល់សេវាគាំទ្រអាកាសចរណ៍អន្តរជាតិ ដោយប្រតិបត្តិការនៅតំបន់អាហ្វ្រិក
អាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងតំបន់ផ្សេងៗជាច្រើននៅលើពិភពលោក៕






Post a Comment