ត្រាំ ព្រមានថា លោកនឹងចាប់ផ្តើមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់វិញ បើលោកមិនពេញចិត្តចំពោះកិច្ចព្រមព្រៀងសន្តិភាព

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ បានថ្លែងថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់ដែលសម្រេចបានក្នុងសប្តាហ៍នេះ មិនទាន់ក្លាយជាស្ថាពរនៅឡើយទេ ហើយលោកអាចនឹងចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកឡើងវិញ ប្រសិនបើលោកមិនពេញចិត្តនឹងដំណើរការនៃកិច្ចព្រមព្រៀងនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំង លោក ត្រាំ បានសង្កត់ធ្ងន់ថា «វាគ្រាន់តែជាអនុស្សរណៈយោគយល់គ្នាប៉ុណ្ណោះ (MoU)។ ប្រសិនបើខ្ញុំមិនពេញចិត្ត ឬប្រសិនបើពួកគេ (អ៊ីរ៉ង់) មិនគោរពតាមទេ យើងនឹងត្រឡប់ទៅបាញ់ប្រហារ និងទម្លាក់គ្រាប់បែកចំកណ្តាលក្បាលពួកគេវិញមិនខាន»

ស្របពេលជាមួយគ្នានេះ មេដឹកនាំប្រទេស G7 ក៏បានទាមទារឱ្យមានបទឈប់បាញ់នៅប្រទេសលីបង់ផងដែរ ព្រមទាំងបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបណ្តោះអាសន្នដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នេះ។ បន្ថែមពីនេះ ពួកគេបានប្រកាសពីផែនការធ្វើពិពិធកម្មផ្លូវផ្គត់ផ្គង់ថាមពល ដើម្បីកាត់បន្ថយការពឹងផ្អែកតែទៅលើច្រកសមុទ្រហ័រមូសតែមួយមុខ ក្រោយពីបានរៀនសូត្រពីវិបត្តិសង្គ្រាមនេះ។

សូមជម្រាបថា កិច្ចប្រជុំកំពូលនេះធ្វើឡើងនៅទីក្រុង Evian-les-Bains ប្រទេសបារាំង ដែលនៅមិនឆ្ងាយប៉ុន្មានពីប្រទេសស្វីស ជាទីដែលពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃសុក្រខាងមុខ។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងបើកផ្លូវសម្រាប់ការចរចាស្វែងរកដំណោះស្រាយជាស្ថាពរ ដើម្បីបញ្ចប់សង្គ្រាមដែលបានឆក់យកជីវិតមនុស្សជាង ៧,០០០នាក់ ភាគច្រើននៅអ៊ីរ៉ង់ និងលីបង់៕



 

 

Powered by Blogger.