ត្រាំ បញ្ជាក់ថា មានកិច្ចពិភាក្សាដ៏ល្អជាមួយ ពូទីន និង ហ្សេឡេនស្គី

អេវីយ៉ង៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ បានបញ្ជាក់ថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង។

ក្នុងកិច្ចប្រជុំកំពូលនៅរមណីយដ្ឋាន Evian-les-Bains លោក ហ្សេឡេនស្គី និងសម្ព័ន្ធមិត្តអឺរ៉ុប បានព្យាយាមបញ្ចុះបញ្ចូលលោក ត្រាំ ឱ្យជឿជាក់ថា ស្ថានភាពលើសមរភូមិរបស់អ៊ុយក្រែនមានភាពល្អប្រសើរឡើង ដោយសារភាពជោគជ័យនៃយុទ្ធនាការវាយប្រហារដោយយន្តហោះដ្រូនចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី។

ទោះជាយ៉ាងណា នៅពេលអ្នកសារព័ត៌មានសួរថាតើលោកគិតថា លោក ពូទីន គួរតែទទួលខុសត្រូវធំបំផុតចំពោះជម្លោះនៅអ៊ុយក្រែនដែរឬទេ លោក ត្រាំ បានបដិសេធមិនឆ្លើយតប ដោយលោកបានសង្កត់ធ្ងន់ថា «ខ្ញុំមិនចង់បញ្ចេញមតិលើរឿងនេះទេ ព្រោះខ្ញុំកំពុងព្យាយាមជួយសម្របសម្រួលដោះស្រាយ ហើយការឆ្លើយតបនេះវាមិនជួយឱ្យកិច្ចការនេះមានភាពងាយស្រួលនោះទេ»

បន្ថែមពីនេះ លោក ត្រាំ ក៏មិនទាន់ហ៊ានសន្យាថាតើសហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មលើរុស្ស៊ីទៀតឬយ៉ាងណានោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា អាមេរិកកំពុងតាមដានមើលស្ថានភាពជាក់ស្តែង និងសង្កេតមើលថាតើតម្លៃប្រេងនៅលើទីផ្សារនឹងធ្លាក់ចុះដល់កម្រិតណា៕ (Reuters)



 

Powered by Blogger.