ត្រាំ រិះគន់ខ្លាំងៗចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងបេរូត និងទាមទារឱ្យបញ្ឈប់រាល់ការវាយប្រហារនៅទូទាំងប្រទេសលីបង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត (Beirut) ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់រាល់ប្រតិបត្តិការយោធានៅទូទាំងប្រទេសនេះជាបន្ទាន់។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth
Social លោក ត្រាំ បានសង្កត់ធ្ងន់ថា
ការវាយប្រហារនេះមិនគួរកើតឡើងទាល់តែសោះ
ស្របពេលដែលសហរដ្ឋអាមេរិកកំពុងខិតជិតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់។
លោកបានចាត់ទុកការវាយបករបស់អ៊ីស្រាអែលចំពោះការវាយប្រហារតូចតាចពីក្រុមហេសបូឡា (ដែលគ្មានអ្នករងរបួស)
ថាជាប្រតិកម្មហួសហេតុ ដែលមិនគួរមកបំផ្លាញដំណើរការសន្តិភាពនេះឡើយ។
ទន្ទឹមគ្នានេះ លោក ត្រាំ
បានបញ្ជាក់យ៉ាងច្បាស់ថា
មិនត្រូវមានការវាយប្រហារពីអ៊ីស្រាអែលទៅលើទីតាំងណាមួយក្នុងប្រទេសលីបង់ទៀតទេ
ហើយក៏មិនត្រូវមានការវាយប្រហារពីហេសបូឡាមកលើអ៊ីស្រាអែលវិញដែរ។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីមន្ត្រីអ៊ីស្រាអែលបង្ហើបថា
ពួកគេនឹងមិនវាយប្រហាររដ្ឋធានីបេរូតមែន តែនឹងបន្តវាយលុកនៅភាគខាងត្បូងលីបង់។ លោក
ត្រាំ បានសង្កត់ធ្ងន់ថា
កិច្ចព្រមព្រៀងសន្តិភាពនេះនឹងត្រូវគ្របដណ្តប់លើប្រទេសលីបង់ទាំងមូល
ដោយលោកបានអំពាវនាវថា «នេះអាចជាការចាប់ផ្តើមនៃសន្តិភាពដ៏ស្រស់បំព្រង
និងយូរអង្វែង។ សូមកុំបំផ្លាញវាឱ្យសោះ!»៕

Post a Comment