កម្ពុជា-មីយ៉ាន់ម៉ា ចុះ MOU ជាជំហានជំរុញល្បឿនឱ្យសម្រេចបាននូវគម្រោង «ប្រទេសពីរ គោលដៅទេសចរណ៍មួយ»
យ៉ាងហ្គូន ៖ ដោយទទួលបានគោលការណ៏ដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយឯកឧត្តម Maung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាគ្រប់ជ្រុងជ្រោយ
និងប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ
បានឯកភាពជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យមានប្រសិទ្ធភាព
និងទទួលបានលទ្ធផលជាក់ស្តែង
តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រួមគ្នា
ការបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក ការជំរុញជើងហោះហើរត្រង់
និងជាប្រចាំឱ្យកាន់តែកើនឡើង ការចែករំលែកបទពិសោធ និងកាលានុវត្តល្អៗ ក្នុងការអភិវឌ្ឍ
និងវិនិយោគក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជន
អ្នកធ្វើដំណើរ វិនិយោគិន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពង្រឹងការផ្លាស់ប្តូរប្រជាជន
និងប្រជាជនឱ្យកាន់តែរឹងមាំ និងផ្តល់ផលប្រយោជន៍ជាអតិបរមា ជាពិសេសការពន្លឿនគម្រោង «ប្រទេសពីរ គោលដៅទេសចរណ៍មួយ»។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងមីយ៉ាន់ម៉ា
បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល៧១ឆ្នាំមកហើយ
ហើយបាននិងកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យទេសចរណ៍
តាមរយៈយន្តការទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់៕







Post a Comment