ក្រុមហេសបូឡាបដិសេធផែនការបទឈប់បាញ់ដែលគាំទ្រដោយអាមេរិក ខណៈអ៊ីស្រាអែលបន្តការវាយប្រហារលើលីបង់
បេរូត៖ ក្រុមហេសបូឡា នៅថ្ងៃព្រហស្បតិ៍ បានប្រកាសបដិសេធផែនការបទឈប់បាញ់ ដែលត្រូវបានយល់ព្រមដោយរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែល នៅក្នុងកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក ខណៈដែលអ៊ីស្រាអែលនៅតែបន្តការវាយប្រហារនៅភាគខាងត្បូងលីបង់ និងប្រកាសថានឹងមិនដកកងទ័ពថយឡើយ។
កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានប្រកាសថា លីបង់
និងអ៊ីស្រាអែលបានឯកភាពលើបទឈប់បាញ់
ក្នុងលក្ខខណ្ឌដែលក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបញ្ឈប់ការបាញ់ប្រហារ
និងដកយុទ្ធជនរបស់ខ្លួនចេញពីតំបន់ភាគខាងត្បូងក្បែរព្រំដែន។ ទោះជាយ៉ាងណា
មេដឹកនាំក្រុមហេសបូឡា លោក ណាអ៊ីម កសឹម (Naim Qassem) ដែលមិនបានចូលរួមក្នុងកិច្ចចរចានេះ
បានថ្កោលទោសកិច្ចព្រមព្រៀងនៅទីក្រុងវ៉ាស៊ីនតោននោះថាជាទង្វើ «គ្មានសេចក្តីខ្មាសអៀន» និងជាផែនទីបង្ហាញផ្លូវសម្រាប់
«ការបំផ្លិចបំផ្លាញ និងការដាក់ពលរដ្ឋលីបង់ឱ្យធ្វើជាទាសករ»។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក
អ៊ីស្រាអែល កាត (Israel Katz) បានបញ្ជាក់ថា
អ៊ីស្រាអែលនឹងបន្តវាយប្រហារលីបង់ជាបន្តទៀត ដើម្បីកម្ទេចទីតាំងរបស់ក្រុមហេសបូឡា
និងដើម្បីការពារភាគខាងជើងរបស់ខ្លួន។ ដោយឡែក មេបញ្ជាការកងកម្លាំង Quds នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានលើកឡើងថា លក្ខខណ្ឌទាបបំផុតរបស់ក្រុមតស៊ូ
គឺអ៊ីស្រាអែលត្រូវតែដកកងទ័ពរបស់ខ្លួនត្រឡប់ទៅកាន់ទីតាំងដើមវិញ
មុនពេលសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២ ខែមីនា៕ (Reuters)

Post a Comment