កម្ពុជា-ចិន ចុះហត្ថលេខាទទួលស្គាល់ប្រតិបត្តិករសេដ្ឋកិច្ចចំនួន ១១ក្រុមហ៊ុន គាំទ្រដល់វិស័យធុរកិច្ចពាណិជ្ជកម្មនៃប្រទេសទាំងពីរ
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងរដ្ឋបាលគយចិន (Cambodia-China Authorized Economic Operator Mutual Recognition Arrangement : Cambodia-China AEO MRA)។
ពិធីនេះចុះហត្ថលេខានេះ បានដឹកនាំរៀបចំនិងចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត
គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមួយលោកស្រី Sun
Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន។
ការរៀបចំទទួលស្គាល់គ្នាទៅវិញទៅមក
នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតកម្ពុជា-ចិន
នឹងជួយគាំទ្រសម្រួលដល់វិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ
នូវភាពសាមញ្ញនីតិវិធីគយ តាមរយៈការកាត់បន្ថយការត្រួតពិនិត្យរូបវន្តទំនិញ
និងការពន្លឿនការបំពេញបែបបទគយ សម្រាប់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់។ បច្ចុប្បន្ន
កម្ពុជាមានក្រុមហ៊ុនជា AEO ចំនួន១១
ហើយកម្ពុជាមានគោលដៅបង្កើនក្រុមហ៊ុន AEO ឲ្យបានចំនួន៣០
មុនបញ្ចប់ឆ្នាំ២០២៦នេះ។
ការរៀបចំយន្តការទទួលស្គាល់គ្នាទៅវិញទៅមកលើកម្មវិធី
AEO
នាពេលនេះ គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ
ក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
តាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃដើម, ការពង្រឹងភាពប្រកួតប្រជែងរបស់ធុរជន,
និងការធានាសុវត្ថិភាពខ្សែច្រវាក់ផ្គត់ផ្គង់នៃប្រទេសទាំងពីរ។
ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសក្ខីភាពមួយទៀត
ដែលឆ្លុះបញ្ចាំងពីស្មារតីនៃ «មិត្តភាពដែកថែប» និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង
កម្ពុជានិងចិន ជាពិសេសការជំរុញសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី
ឱ្យកាន់តែរឹងមាំ និងមានផ្លែផ្កា។
ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ
សាធារណរដ្ឋប្រជាមានិតចិន មិនត្រឹមតែជាមិត្តដ៏ល្អនោះទេ ប៉ុន្តែគឺជាដៃគូពាណិជ្ជកម្ម
និងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដ៏ធំបំផុត
និងសំខាន់បំផុតរបស់កម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេង
ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕

Post a Comment