ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ
ខេត្តសៀមរាប៖ ប្រាសាទតាសោម ស្ថិតនៅក្នុងតំបន់ទេសចរណ៍វប្បធម៌និងបេតិកភណ្ឌវប្បធម៌មួយក្នុងរមណីយដ្ឋានអង្គរដ៏ទាក់ទាញ។ នេះជាការបង្ហាញពីភាពសុខដុមរមនាយ៉ាងវិសេសវិសាលរវាងសំណង់ស្ថាបត្យកម្មបុរាណ បរិស្ថានធម្មជាតិនិងទេសភាពវប្បធម៌។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងវង់ធំនៃរមណីយដ្ឋានអង្គរ ក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
បើតាមប្រវត្តិសាស្ត្រ ប្រាសាទតាសោមត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧ ដើម្បីធ្វើជាទីសក្ការបូជាក្នុងព្រះពុទ្ធសាសនាមហាយាន និងឧទ្ទិសដល់ព្រះលោកេសូរ ដែលមានបង្ហាញលើចម្លាក់ផ្ដែរនិងនៅលើជញ្ជាំងប្រាសាទ ដែរ។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវនៅមិនទាន់បានរកឃើញសិលាចារឹក ដែលបញ្ជាក់ព័ត៌មានលម្អិតជាក់លាក់ជាងនេះនៅឡើយទេ។
ចំពោះរចនាសម្ព័ន្ធស្ថាបត្យកម្ម ប្រាសាទតាសោមបានសាងសង់ឡើងដោយថ្មភក់ និងថ្មបាយក្រៀម។ ប្រាសាទនេះមានកំពែងខណ្ឌដាច់ពីគ្នា ចំនួន២ជាន់ និងមានខ្លោងទ្វារចេញចូលចំនួនពីរ បែរមុខទៅទិសខាងកើត និងទិសខាងលិច។ អ្វីដែលជាចំណុចលេចធ្លោនោះគឺ ខ្លោងទ្វារនីមួយៗមានមុខព្រហ្មបួនធំៗ និងត្រូវបានលម្អទៅដោយក្បូរក្បាច់រចនាយ៉ាងប្រណីត។
បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការមូលនិធិសំណង់ប្រាសាទពិភពលោក (WMF) ដើម្បីធ្វើការជួសជុល និងអភិរក្សផ្នែកដែលរងការខូចខាត និងទ្រុឌទ្រោមមួយចំនួន។ កិច្ចការងារនេះធ្វើឡើងដើម្បីថែរក្សាការពារប្រាសាទតាសោម ឱ្យនៅតែរក្សាបាននូវសម្រស់ភាពដើមដែលរួមបញ្ចូលគ្នារវាងបេតិកភណ្ឌវប្បធម៌ បរិស្ថានធម្មជាតិនិងទេសភាពវប្បធម៌ ដ៏កម្រនិងទាក់ទាញ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្ត៕










Post a Comment