អ៊ីរ៉ង់វាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន សងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់អាមេរិក
តេហេរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាពួកគេបានបើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៊ីរ៉ង់ ដែលធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង្អុលមុខអ៊ីរ៉ង់ថាជាអ្នកបាញ់ទម្លាក់ឧទ្ធម្ភាគចក្រអាមេរិកមួយគ្រឿង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «របបអាមេរិកដែលល្មោភសង្រ្គាម
បានបើកការវាយប្រហារលើទីតាំងជាច្រើនកន្លែងនៅក្នុងទីក្រុង Jask Sirik និង Qeshm កាលពីព្រឹកព្រលឹមនេះ (ថ្ងៃពុធ)
ក្រោមលេសក្លែងក្លាយ ដោយបង្ក ការខូចខាតដល់បណ្ដាញទូរគមនាគមន៍មួយក្នុងទីក្រុង Sirik
និងបំផ្លាញអាងស្ដុកទុកទឹកចំនួន២ ក្នុងទីក្រុងនេះ»។
តាមកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ជាការសងសឹក
យោធាអ៊ីរ៉ង់បានវាយប្រហារដោយប្រើដ្រូនលើមូលដ្ឋានទ័ពជើងទឹកទី៥
របស់សហរដ្ឋអាមេរិកក្នុងប្រទេសបារ៉ែន កាលពីម៉ោង ២៖៣០នាទីរំលងអធ្រាត្រ
ជាមួយការព្រមានថាអ៊ីរ៉ង់នឹងសងសឹកធ្ងន់ធ្ងរជាងនេះ
ប្រសិនបើការវាយប្រហារនៅតែបន្តធ្វើឡើង។
សូមជម្រាបថា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ
(ម៉ោងក្នុងតំបន់) បានបើកការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់
ត្រាំ បាននិយាយថា តេហេរ៉ង់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache
មួយគ្រឿងរបស់អាមេរិកក្នុងតំបន់ច្រកសមុទ្រ Hormuz។ បើតាមលោក ត្រាំ ពីឡុតអាមេរិក ២នាក់នៅលើ ឧទ្ធម្ភាគចក្រ Apache ដែលត្រូវបានបាញ់ទម្លាក់មិនបានរងរបួសអ្វីនោះទេ៕ (AFP)

Post a Comment