អ្នកនាំពាក្យសម្តេចតេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន
ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។
សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ
ជ្រាបថា កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦
ក្នុងពេលចុះសួរសុខទុក្ខជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី
មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា
ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ តែផ្ទុយទៅវិញសម្តេចតេជោ
បានបដិសេធជំហរប្រើប្រាស់កម្លាំងយោធោក្នុងការដោះស្រាយបញ្ហា។
អ្នកនាំពាក្យសម្តេចតេជោ បញ្ជាក់ថា ក្នុងសុន្ទរកថាកាលពីព្រឹកថ្ងៃទី៩
ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ
គ្រាន់តែលើកឡើងចោទជាសំណួរនូវជម្រើសពីរឲ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយទី១
ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកទឹកដីដែលថៃដណ្តើមកាន់កាប់ត្រឡប់មកវិញ
និងជម្រើសទី២ ជម្រើសដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិ។
ក្នុងចំណោមជម្រើសទាំងពីរនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ជម្រើសទី ១
គឺការប្រើកម្លាំងយោធា កម្ពុជា មិនត្រូវការឡើយ
តែសម្តេចប្រមុខរដ្ឋស្តីទីបានប្រកាសជំហរយ៉ាងច្បាស់ទៅកាន់ជនរួមជាតិថា
កម្ពុជាជ្រើសយកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកតាមយន្តការច្បាប់អន្តរជាតិ។
ដូច្នេះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន
បានបញ្ជាក់យ៉ាងច្បាស់លាស់នូវជំហររបស់កម្ពុជា
ក្នុងការដោះស្រាយបញ្ហាតាមយន្តការច្បាប់អន្តរជាតិ។ អ្នកនាំពាក្យសម្តេចតេជោ
សូមស្នើឲ្យសារព័ត៌មានថៃកែតម្រូវនិងបញ្ឈប់នូវការចុះផ្សាយនូវព័ត៌មានមិនត្រឹមត្រូវ ដែលវាមិនចំណេញដល់ការដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរនោះទេ៕


Post a Comment