អ៊ុយក្រែន អះអាងថា វាយដណ្ដើមបានវិញទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំ២០២៦

បរទេស៖ មេបញ្ជាការកំពូលរបស់យោធាអ៊ុយក្រែន លោក Oleksandr Syrskyi បានអះអាងកាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ថាកងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយក មកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ។

ក្នុងការបង្ហោះមួយលើបណ្ដាញ Telegram លោក Syrskyi បានឱ្យដឹងទៀតថាគ្រាន់តែក្នុងខែឧសភាកន្លងទៅ កងកម្លាំងអ៊ុយក្រែនវាយដណ្ដើមបានមកវិញនូវទឹកដីទំហំ ១០០គីឡូម៉ែត្រក្រឡា នៃទឹកដីដែលខ្លួនបានបាត់បង់។ មេបញ្ជាការអ៊ុយក្រែនរូបនេះមិនបានបញ្ជាក់លម្អិតពីទីតាំងដែលកងកម្លាំងវាយដណ្ដើមបានទឹកដីមកពីវិញពីកងទ័ពរុស្ស៉ីនោះទេ ដោយគ្រាន់តែបង្ហើបឱ្យដឹងថានៅក្នុងតំបន់មួយចំនួនមានប្រវែង ១២០០គីឡូម៉ែត្រតាមបណ្ដោយសមរភូមិមុខ កងកម្លាំងអ៊ុយក្រែនកំពុងមានប្រៀប។

លោក ហ្សេលេនស្គី កាលពីខែឧសភាកន្លងទៅ ក៏បានអះអាងដែរថាកងកម្លាំងអ៊ុយក្រែនវាយដណ្ដើមបានមកវិញទឹកដី ៦០០គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំ២០២៦នេះ។ ប៉ុន្តែយ៉ាងណា Reuters មិនអាចផ្ទៀងផ្ទាល់ដោយឯករាជ្យលើការអះអាងរបស់អ៊ុយក្រែនបាននៅឡើយទេ។

បើតាមលោក Syrskyi កងកម្លាំងរុស្ស៉ីនៅតែបន្តព្យាយាមវាយរុលទៅមុខក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងរបស់អ៊ុយក្រែន ខណៈការវាយប្រយុទ្ធគ្នាបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះបានធ្វើឱ្យមានស្ថានការណ៍ដ៏លំបាកនៅសមរភូមិ៕



 

Powered by Blogger.