សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅប្រទេសចិន
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ព្រឹទ្ធសភា នៅថ្ងៃទី២៣ មិថុនា ថា សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន៖ សម្តេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។
នៅក្នុងឱកាសទស្សនកិច្ចខាងលើ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ លោក ស៊ី ជីនពឹង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួប ពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋចិន និង ឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។
ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ទស្សនកិច្ចមិត្តភាពផ្លូវការ របស់ សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋ ប្រជាមានិតចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និង លើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែ ជោគជ័យបន្ថែមទៀត៕


Post a Comment