លោក លេង សុខុម ចេញលិខិតបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មាន ពាក់ព័ន្ធការចោទប្រកាន់ថា«លក់ដីខ្យល់»
អត្ថបទ : ទ្រី ហៀន
ខេត្តកែប÷ លោក លេង សុខុម អាយុ ៤៣ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានចេញលិខិតបំភ្លឺជូនសាធារណជន និងបញ្ហាញសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងការចុះផ្សាយរបស់គណនេយ្យហ្វេសប៊ុកឈ្មោះ PN Asia កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដែលមានចំណងជើងថា«ផ្ទុះរឿងអាស្រូវថ្មី អភិបាលរងក្រុងកែប លោក លេង សុខុម រងការចោទប្រកាន់ថា លក់ដីខ្យល់តម្លៃ ៣៥,០០០ ដុល្លារ ឱ្យប្រជាពលរដ្ឋ» ដោយលោកសូមធ្វើការបដិសេធទាំងស្រុង ចំពោះការប្រើប្រាស់ពាក្យចោទប្រកាន់ថា «លក់ដីខ្យល់» នឹងសូមធ្វើការបំភ្លឺដូចខាងក្រោម÷
១- អំពីកម្មវត្ថុដីធ្លី (មានដីពិតប្រាកដ មិនមែនដីខ្យល់)÷ ការទិញ-ដីធ្លីរវាងខ្ញុំបាទ និងលោក ឯម ណារិទ្ធ (ត្រូវជាឪពុករបស់គណនេយ្យ Virya YN) ក្នុងតម្លៃ ៣៥,០០០ ដុល្លារអាមេរិក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ គឺមានទីតាំងពិតប្រាកដ។ ដីនេះមានប្លង់បង្ហាញទីតាំងក្បាលដីច្បាស់លាស់ លេខ ១៩៩៤ (ផ.ក) ស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលត្រូវបានទទួលស្គាល់ដោយអាជ្ញាធរ ហើយការទិញលក់មានកិច្ចសន្យា និងភស្តុតាងផ្ទេរប្រាក់តាមប្រព័ន្ធធនាគារត្រឹមត្រូវតាមច្បាប់។២- អំពីឧបសគ្គគតិយុត្តិ (មូលហេតុនៃការយឺតយ៉ាវ)÷ មូលហេតុចម្បងដែលនាំឱ្យដំណើរការចុះបញ្ជីផ្ទេរសិទ្ធជូនអ្នកទិញមានការយឺតយ៉ាវ គឺដោយសារតែក្រោយការទិញ-លក់ ស្រាប់តែមានតតិយជនម្នាក់ឈ្មោះ ស៊ុន សៀង បានដាក់ពាក្យប្តឹងទាស់។ យោងតាមនីតិរដ្ធបាលដីធ្លី កាលណាមានបណ្តឹងទាស់ ស្ថាប័នជំនាញត្រូវតែផ្អាកការចុះប្លង់កម្មសិទ្ធិបណ្តោះអាសន្ន ដើម្បីរង់ចធ្វើការដោះស្រាយទំនាស់ជាមុន នេះជាបញ្ហាបច្ចេកទេសគតិយុត្តិ មិនមែនជាការបោកប្រាស់លក់ដីមិនពិតប្រាកដនោះឡើយ។
៣- អំពីស្មារតីទទួលខុសត្រូវ និងដំដោះស្រាយ÷ ក្រោយពេលកើតមានទំនាស់ខាងលើ ខ្ញុំបាទមិនដែលបានគេចវេស ឬបោះបង់ការទទួលខុសត្រូវឡើយ ដោយបានចូលរួមពិភាក្សាសម្របសម្រួលជាមួយលោក ឯម ណារិទ្ធ ជាច្រើនលើក ដើម្បីស្វែងរកដំណោះស្រាយរួមមានដូចជា (ការព្រមព្រៀងលប់ចោលកិច្ចសន្យាទិញ-លក់ ដោយរៀបចំនីតិវិធីបង្វិលប្រាក់ជូនវិញ ) ប៉ុន្តែដោយការរៀបចំឯកសារគតិយុត្តិ និងការព្រមព្រៀងលើការបែងចែកដំណាក់កាលសងប្រាក់ត្រឡប់ទៅវិញ មិនទាន់ឈានដល់ចំណុចឯកភាពដាច់ស្រាច់ ទើបបង្កឱ្យមានការយល់ច្រឡំ និងឈានដល់ការបង្ហោះព័ត៌មានបែបនេះ។
៤- អំពីការគោរពយន្តការច្បាប់÷ បច្ចុប្បន្នសំណរឿងបណ្តឹងទាស់ដីធ្លីនេះ កំពុងស្ថិតក្នុងចំណាត់ការដោះស្រាយរបស់គណ:កម្មការរដ្ធបាលខេត្តកែប។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងជៀសវាងមានការសន្និដ្ឋានទាំងបំពាន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសផ្ទាល់ខ្លួន ក៏ដូចជាប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នថ្នាក់ក្រោមជាតិ៕










Post a Comment