ស្នងការរងខេត្តកំពត ដឹកនាំប្រតិភូចូលរួមពិធីរំលឹកខួបលើកទី៤៩ ទិវាចងចាំ «ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»

អត្ថបទ៖ ទ្រី ហៀន

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានដឹកនាំប្រតិភូ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី៤៩ ទិវាចងចាំ «ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦)។
ពិធីដ៏មហោឡារិកនេះ ត្រូវបានប្រារព្ធឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

យ៉ាងណា ​ទិវាចងចាំនេះ គឺជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដែលជាចំណុចចាប់ផ្តើមនៃដំណើរតស៊ូឈានទៅរំដោះប្រទេសជាតិ ចេញពីរបបដ៏ខ្មៅងងឹត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន។

​ការចូលរួមរបស់គណៈប្រតិភូនគរបាលខេត្តកំពត នាឱកាសនេះ គឺដើម្បីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរយុទ្ធជន យុទ្ធនារី និងថ្នាក់ដឹកនាំជំនាន់មុន ដែលបានបូជាដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិដូចបច្ចុប្បន្ន៕








Powered by Blogger.