អ៊ីរ៉ង់ បង្ហើបពីលក្ខខណ្ឌនៃសេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក

តេហេរ៉ង់៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសហរដ្ឋអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង ខណៈដែលកិច្ចព្រមព្រៀងស្ថាពរនឹងត្រូវពិភាក្សាលម្អិតក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់ពីការឯកភាពគ្នាបឋមនេះ។

យោងតាមមន្ត្រីអ៊ីរ៉ង់រូបនេះ ខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងអនុស្សរណៈមានដូចខាងក្រោម៖
*បញ្ហាច្រកសមុទ្រហ័រមូស៖
- អ៊ីរ៉ង់ត្រូវបើកច្រកសមុទ្រហ័រមូសភ្លាមៗសម្រាប់រាល់នាវាពាណិជ្ជកម្មទាំងអស់ ចំណែកឯអាមេរិកត្រូវដកការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ចេញវិញ ដោយចាប់ផ្តើមអនុវត្តភ្លាមៗក្រោយចុះហត្ថលេខា និងត្រូវបញ្ចប់ឱ្យរួចរាល់ក្នុងរយៈពេល ៣០ថ្ងៃ។

បញ្ហាហិរញ្ញវត្ថុ៖
- អាមេរិកយល់ព្រមមិនដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ឡើយ រហូតដល់មានកិច្ចព្រមព្រៀងស្ថាពរ។
- ក្រោយកិច្ចព្រមព្រៀងស្ថាពរ រាល់ទណ្ឌកម្មរបស់អាមេរិក និងអង្គការសហប្រជាជាតិ នឹងត្រូវដកចេញតាមកាលវិភាគដែលបានកំណត់។
- អាមេរិកនឹងលើកលែងទណ្ឌកម្មប្រេងក្នុងរយៈពេលកំណត់ណាមួយ ដើម្បីអនុញ្ញាតឱ្យអ៊ីរ៉ង់អាចលក់ប្រេង និងទទួលបានប្រាក់ចំណូល។
- អាមេរិកយល់ព្រមដោះលែងទ្រព្យសម្បត្តិដែលជាប់បង្កកចំនួន ២៥ពាន់លានដុល្លារ តាមរយៈការផ្ទេរសាច់ប្រាក់ដោយផ្ទាល់ កិច្ចសហប្រតិបត្តិការតំបន់ និងឥណទានហិរញ្ញវត្ថុ។
- ទីក្រុងវ៉ាស៊ីនតោន សហការជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ នឹងរៀបចំផែនការកសាង​ និងអភិវឌ្ឍន៍អ៊ីរ៉ង់ឡើងវិញ ដែលនឹងត្រូវចរចាក្នុងរយៈពេល ៦០ថ្ងៃ។

បញ្ហានុយក្លេអ៊ែរ៖
- ទីក្រុងតេហេរ៉ង់យល់ព្រមមិនផលិត ឬទិញយកអាវុធនុយក្លេអ៊ែរ។
- ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងស្ថាពរ អ៊ីរ៉ង់ត្រូវរក្សាស្ថានភាពកម្មវិធីនុយក្លេអ៊ែរឱ្យនៅដដែល ដោយមិនមានការចម្រាញ់អ៊ុយរ៉ាញ៉ូមបន្ថែម ឬពង្រីកមជ្ឈមណ្ឌលនុយក្លេអ៊ែរឡើយ។
- អាមេរិកយល់ព្រមធ្វើសម្បទាន ដោយអនុញ្ញាតឱ្យអ៊ីរ៉ង់ទម្លាក់កម្រិតស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់របស់ខ្លួនដោយខ្លួនឯង នៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទាល់ (ជាជាងការបង្ខំឱ្យបញ្ជូនចេញទៅក្រៅប្រទេស) ក្រោមកិច្ចព្រមព្រៀងទូលំទូលាយនាពេលអនាគត។
- កម្មវិធីនុយក្លេអ៊ែរ សកម្មភាពចម្រាញ់អ៊ុយរ៉ាញ៉ូម និងយន្តការគ្រប់គ្រងស្តុកអ៊ុយរ៉ាញ៉ូម នឹងត្រូវចរចាលម្អិតក្នុងរយៈពេល ៦០ថ្ងៃ ក្រោយចុះហត្ថលេខាលើអនុស្សរណៈនេះ៕



 

Powered by Blogger.