ប្រទេសអឺរ៉ុបចំនួន ៤ បញ្ជាក់ពីការត្រៀមខ្លួន ដើម្បីលើកលែងទណ្ឌកម្មលើអ៊ីរ៉ង់
ឡុងដ៍៖ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បាននិយាយថាពួកគេបានត្រៀមលក្ខណៈជាស្រេច ដើម្បីដកទណ្ឌកម្មដែលបានដាក់ឱ្យអនុវត្តលើអ៊ីរ៉ង់ ជាមួយការបង្ហាញការស្វាគមន៍ដល់ការឈានដល់កិច្ចព្រមព្រៀងមួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់សំដៅបិទបញ្ចប់សង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា។
ប្រទេសទាំង៤ ឬគេស្គាល់ថាក្រុមប្រទេស E4 បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ កាលពីថ្ងៃអាទិត្យ ទី១៤
ខែមិថុនា ឆ្នាំ២០២៦ ដូច្នេះថា «យើងបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីដកទណ្ឌកម្មពាក់ព័ន្ធទាំងឡាយ
ជាការឆ្លើយតបទៅនឹងការបោះជំហានយ៉ាងច្បាស់លាស់ និងអាចផ្ទៀងផ្ទាត់បានណាមួយដោយអ៊ីរ៉ង់ចំពោះកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់
និងប្រទេសជាដៃគូក្នុងតំបន់ដើម្បីក្ដាប់យកឱកាសនេះ ថែរក្សាសន្ទុះ និងសម្រេចឱ្យបាននូវការផ្សះផ្សារដោយការទូតរយៈពេលវែង»។
សេចក្ដីថ្លែងការណ៍ដដែលក៏បានជំរុញផងដែរឱ្យអ៊ីរ៉ង់ត្រូវតែបោះបង់ចោលមហិច្ឆតាចង់បានអាវុធនុយក្លេអ៊ែរ
ហើយថាពួកគេត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអាមេរិក អ៉ីរ៉ង់
និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA។
សូមជម្រាបថា ក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ង់
កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦
បានប្រកាសថាពួកគេបានឈានដល់អនុស្សារណយោគយល់មួយ ដើម្បីបិទបញ្ចប់
សង្រ្គាមរវាងប្រទេសទាំង២ លុបចោលការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់
និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។
ការប្រកាសនេះដែរធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif
ដែលប្រទេសរបស់លោកជាអ្នកសម្របសម្រួលកិច្ចចរចាសន្តិភាព
បានប្រកាសថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់ អនុស្សារណយោគយល់មួយ
ដែលនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងប្រទេសស្វីស៕ (AFP)

Post a Comment