អ៊ីរ៉ង់បញ្ឈប់ការចរចាជាមួយអាមេរិក និងគំរាមបិទច្រកសមុទ្រហ័រមូសទាំងស្រុង
តេហេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ នៅថ្ងៃចន្ទ បានរាយការណ៍ថា ក្រុមអ្នកចរចារបស់ទីក្រុងតេហេរ៉ង់ បានសម្រេចបញ្ឈប់ការផ្លាស់ប្តូរសារឆ្លើយឆ្លងជាមួយសហរដ្ឋអាមេរិក តាមរយៈអ្នកសម្របសម្រួលហើយ ដោយសារតែមានការវាយប្រហារជាបន្តបន្ទាប់លើប្រទេសលីបង់។
របាយការណ៍ដដែលបានបញ្ជាក់ថា អ៊ីរ៉ង់
និងក្រុមចលនាតស៊ូ ដែលរួមមានសម្ព័ន្ធមិត្តនៅក្នុងប្រទេសយេម៉ែន លីបង់ និងអ៊ីរ៉ាក់
បានដាក់ចេញនូវរបៀបវារៈក្នុងការបិទខ្ទប់ច្រកសមុទ្រហ័រមូសទាំងស្រុង
ព្រមទាំងត្រៀមបើកសមរភូមិផ្សេងៗទៀត រួមទាំងនៅច្រកសមុទ្រ Bab
El Mandeb ផងដែរ ដើម្បី «ផ្តន្ទាទោស»
អ៊ីស្រាអែល និងអ្នកគាំទ្ររបស់ខ្លួន។
ប្រសិនបើក្រុម ហ៊ូទី
ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅយេម៉ែន ចូលរួមក្នុងជម្លោះនេះ
គោលដៅចម្បងរបស់ពួកគេច្បាស់ណាស់គឺច្រកសមុទ្រ Bab El Mandeb ដែលជាផ្លូវទឹកយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងនាវាចរណ៍ឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ
(Suez Canal)។ ជុំវិញការវាយប្រហារនៅលីបង់
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) បានព្រមានថា៖ «ការរំលោភបំពាននៅសមរភូមិណាមួយ
គឺជាការរំលោភលើបទឈប់បាញ់នៅគ្រប់សមរភូមិទាំងអស់។ អាមេរិក និងអ៊ីស្រាអែល
ត្រូវតែទទួលខុសត្រូវចំពោះផលវិបាកទាំងនេះ»។
សូមជម្រាបថា សង្គ្រាមដែលបង្កឡើងដោយអាមេរិក
និងអ៊ីស្រាអែល តាំងពីចុងខែកុម្ភៈ បានសម្លាប់មនុស្សរាប់ពាន់នាក់ ភាគច្រើននៅអ៊ីរ៉ង់
និងលីបង់។ ជម្លោះនេះក៏បានធ្វើឱ្យសេដ្ឋកិច្ចសកលរងការឈឺចាប់យ៉ាងខ្លាំង
តាមរយៈការហក់ឡើងនៃតម្លៃថាមពល បន្ទាប់ពីអ៊ីរ៉ង់បានរាំងខ្ទប់ច្រកសមុទ្រហ័រមូស
ដែលជាផ្លូវផ្គត់ផ្គង់ប្រេង និងហ្គាសដ៏សំខាន់។
ទីភ្នាក់ងារសារព័ត៌មាន Tasnim
បានសង្កត់ធ្ងន់ថា ក្រុមមន្ត្រី និងអ្នកចរចាអ៊ីរ៉ង់
បានទាមទារយ៉ាងដាច់អហង្ការឱ្យអ៊ីស្រាអែល
បញ្ឈប់ប្រតិបត្តិការយោធាដ៏ឃោរឃៅនៅតំបន់ហ្គាហ្សា និងលីបង់ជាបន្ទាន់
ព្រមទាំងត្រូវដកទ័ពចេញពីតំបន់កាន់កាប់នៅលីបង់ទាំងស្រុង បើពុំនោះទេ
នឹងមិនមានការចរចាណាមួយកើតឡើងឡើយ រហូតទាល់តែការទាមទារនេះត្រូវបានបំពេញ៕ (Reuters)

Post a Comment