កម្ពុជា ក្លាយជាប្រទេសដំបូងគេ នៅអាស៊ី-ប៉ាស៊ីហ្វិក សម្រេចបានគោលដៅសកល មេរោគអេដស៍ ៩៥-៩៥-៩៥

ភ្នំពេញ ៖ កម្ពុជាបានក្លាយ ជាប្រទេសដំបូងគេ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលសម្រេច បានសមិទ្ធផលជាប្រវត្តិសាស្ត្រ នៃគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន រួមរវាងក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងអង្គការ UNAIDS នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា សមិទ្ធផលរបស់កម្ពុជានាពេលនេះ កើតឡើងក្នុងពេលវេលាដ៏សំខាន់មួយ សម្រាប់ការឆ្លើយតបមេរោគអេដស៍ជាសកល ខណៈប្រទេសនានាកំពុងត្រៀមរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីមេរោគអេដស៍ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ អ្វីដែលកើតឡើងនៅកម្ពុជាបញ្ជាក់ថា ការរីកចម្រើន អាចកើតមានឡើង នៅពេលដែលមានការផ្តួបគ្នា រវាងការប្តេជ្ញាចិត្តផ្នែក នយោបាយ ហិរញ្ញប្បទានដ៏មានទំនុកចិត្ត ភាពច្នៃប្រឌិត សេវាមានប្រសិទ្ធភាព និងភាពជាអ្នកដឹកនាំ របស់សហគមន៍ ។

លោក Eamonn Murphy នាយកអង្គការ UNAIDS ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល មានប្រសាសន៍ថា សមិទ្ធផលនេះបង្ហាញថា អ្វីៗក៏អាចកើតមានឡើងបានដែរ នៅពេលដែលការអនុវត្តយកប្រជាជនជាស្នូល ។

លោក អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មាន ប្រសាសន៍ដែរថា សមិទ្ធផលនេះ គឺជាមោទនភាពជាតិប៉ុន្តែក៏នាំមកជាមួយនូវការទទួលខុសត្រូវផងដែរ ។ ឯកឧត្តមបន្ថែមថា ភារកិច្ចរបស់កម្ពុជា គឺធានាថា ការរីកចម្រើនត្រូវបានការពារ និង មានចីរភាព ដោយបង្កើនភាពជាម្ចាស់របស់ជាតិ តាមរយៈការវិនិយោគធនធាន ក្នុងស្រុកកាន់តែច្រើនសម្រាប់ការឆ្លើយតបជាតិចំពោះ មេរោគអេដស៍ ។
ដើម្បីឈានទៅសម្រេចគោលដៅ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមអបអរសាទរ និងកោតសរសើរថា សមិទ្ធផលដ៏ប្រពៃនេះ ជាប្រវត្តិសាស្ត្រនៃការឆ្លើយតបមេរោគអេដស៍នៅកម្ពុជា ។ លោកសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ បេសកកម្មរបស់កម្ពុជានៅតែបន្តចុងក្រោយ និងរក្សាសមិទ្ធផលដែលទទួលបាននេះជារៀងរហូត ។

សូមបញ្ជាក់ថា គោលដៅ ៩៥-៩៥-៩៥ មានន័យថា ៩៥% នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាព មេរោគអេដស៍របស់ខ្លួន , ៩៥% នៃអ្នកដែលដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥% នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថប្រឆាំង មេរោគអេដស៍សម្រេចបានការបង្ក្រាបមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត ៕








Powered by Blogger.