អ៊ីរ៉ង់ វាយប្រហារលើទីស្នាក់ការកងទ័ពជើងទឹកទី៥ និងមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក
បរទេស៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានវាយប្រហារលើទីស្នាក់ការកងទ័ពជើងទឹកអាមេរិកទី៥ ព្រមទាំងមូលដ្ឋានទ័ពអាកាសមួយ និងឧទ្ធម្ភាគចក្រនៅក្នុងប្រទេសមួយក្នុងតំបន់ ដោយប្រើប្រាស់មីស៊ីល និងដ្រូន ជាការសងសឹកទៅនឹងអ្វីដែល IRGC អះអាងថាជាការវាយប្រហារមួយរបស់សហរដ្ឋអាមេរិកលើអង់តែនទំនាក់ទំនងមួយនៅលើកោះ Qeshm នៃភាគខាងត្បូង ប្រទេសអ៊ីរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ នៅថ្ងៃពុធ ទី៣
ខែមិថុនា ឆ្នាំ២០២៦ បានរាយការណ៍ថា IRGC ក៏បានវាយប្រហារលើកប៉ាល់មួយគ្រឿងមានឈ្មោះថា
Panaya ផងដែរ ជាមួយមីស៊ីលជាការឆ្លើយតប
ទៅនឹងអ្វីដែលខ្លួននិយាយថាជាការវាយប្រហារមួយរបស់សហរដ្ឋអាមេរិកលើកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងនៅក្បែរច្រកសមុទ្រ
Hormuz ដែលបានបង្កការខូចខាតដល់បន្ទប់ម៉ាស៊ីនកប៉ាល់។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ IRGC
បានព្រមានថាការរំខានដល់សន្តិសុខក្នុងតំបន់ច្រកសមុទ្រ Hormuz
នឹងធ្វើឱ្យយោធាអាមេរិកតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម។
ទីស្នាក់ការកងទ័ពជើងទឹកអាមេរិកទី៥ មានមូលដ្ឋានក្នុងប្រទេសបារ៉ែន៕

Post a Comment