ត្រាំ អះអាងថាអ៊ីស្រាអែល និងហេសបូឡា យល់ព្រមបញ្ឈប់ការវាយប្រយុទ្ធគ្នា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាអ៊ីស្រាអែល និងក្រុមហេសបូឡាបានយល់ព្រមបញ្ឈប់ ការវាយប្រយុទ្ធគ្នា ហើយថាកិច្ចចរចាជាមួយអ៊ីរ៉ង់នៅតែបន្តធ្វើឡើង។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានអះអាងថារូបលោកមានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមានកិច្ចពិភាក្សាដ៏ល្អប្រសើរមួយ ជាមួយក្រុមហេសបូឡាសតាមរយៈអន្តការីដែលមិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណនៅឡើយទេ។ លោកបានគូសបញ្ជាក់ថា លោក Netanyahu បានយល់ព្រមលុបចោលផែនការបើកប្រតិបត្តិការវាយឆ្មក់មួយលើទីក្រុងបេរូត រីឯក្រុមហេសបូឡាវិញ បានយល់ព្រមថានឹងបញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល។

ប៉ុន្តែ វាមានសញ្ញានៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជុំវិញស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយនៅក្នុងសេចក្ដីរាយការណ៍មួយ សារព័ត៌មានអាមេរិក Axios បានឱ្យដឹងថាលោក ត្រាំ បានហៅលោក Netanyahu ថាមនុស្សឆ្កួត និងបានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះថាកំពុងធ្វើឱ្យកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ ធ្លាក់ចូលក្នុងហានិភ័យនៃការដួលរលំ។ លោក Netanyahu ត្រូវបានគេមើលឃើញថាតែងតែចេញបញ្ជាឱ្យយោធាអ៊ីស្រាអែលបង្កើនការវាយលុកលើក្រុមហេសបូឡា នៅលីបង់ នៅពេលមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ខិតជិតដល់កិច្ចព្រមព្រៀង។

ការអត្ថាធិប្បាយរបស់លោក ត្រាំ ទៀតសោតធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានរាយការណ៍ថាទីក្រុងតេហេរ៉ង់បានផ្អាកកិច្ចចរចាជាមួយ ក្រុមអ្នកសម្របសម្រួល ជាការបង្ហាញការប្រឆាំងជំទាស់នឹងការពង្រីកប្រតិបត្តិការវាយលុករបស់អ៊ីស្រាអែលក្នុងប្រទេសលីបង់ ដើម្បីបោសសម្អាតក្រុមហេសបូឡាដែលជា សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។ តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បាននិយាយថាកិច្ចចរចាជាមួយអ៊ីរ៉ង់នៅតែបន្តធ្វើឡើងក្នុងល្បឿនឆ្ពោះទៅមុខយ៉ាងលឿន។

សូមជម្រាបថា នៅក្នុងលក្ខខណ្ឌបិទបញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់ក៏បានទាមទារផងដែរឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើលីបង់៕ (AFP)



 

Powered by Blogger.