សម្ដេចតេជោ ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជា មិនមែនដើម្បីឈ្លានពានប្រទេសណានោះទេ

ខេត្តបាត់ដំបង៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានថ្លែងបញ្ជាក់ថា ការផលិតសម្ភារៈយោធារបស់កម្ពុជា ពេលនេះ គឺដើម្បីផ្គត់ផ្គង់ក្នុងស្រុក សំដៅកាត់បន្ថយការនាំចូលពីក្រៅប្រទេសប៉ុណ្ណោះ មិនមែនដើម្បីឈ្លានពានប្រទេសណាទេ។

ការថ្លែងបែបនេះរបស់ប្រមុខរដ្ឋស្ដីទី បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញទស្សនកិច្ចនៅរោងចក្រផលិតឯកសណ្ឋានយោធា នៅក្នុងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផលិតសម្ភារៈយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ ក៏ប៉ុន្តែជាសម្ភារៈសម្រាប់ការការពារខ្លួន ហើយរយៈពេលចុងក្រោយនេះ ពោលគឺក្រោយមានរោងចក្រ DSS នេះ ទាំងកងកម្លាំងយោធា និងនគរបាលពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតទេ។

សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «សម្ភារៈយោធារបស់យើង មិនមែនសម្ភារៈដើម្បីឈ្លានពាននរណាទេ ក៏ប៉ុន្តែគឺជាសម្ភារៈសម្រាប់ការការពារខ្លួន។ ចំណុចនេះ យើងអាចនិយាយបានថា រយៈពេលកន្លងមក យើងមិនបាននាំចូលសម្រាប់ផ្គត់ផ្គង់ឱ្យកងទ័ព ឬនគរបាលរបស់យើងទេ ដោយយើងប្រើប្រាស់ការផលិតនៅទីនេះ ជំនួសឱ្យការនាំចូលដែលមានផលលំបាក និងមានតម្លៃថ្លៃ»

ប្រមុខរដ្ឋស្ដីទីរូបនេះ បានបន្តថា ការបង្កើតរោងចក្រនៅទីនេះ ដើម្បីដោះស្រាយបញ្ហាពលករត្រឡប់មកពីប្រទេសថៃផង ថែមទាំងពិនិត្យលើគុណភាពសម្ភារៈ និងដោះស្រាយបញ្ហាតម្លៃ ដ្បិតថានេះជាឧស្សាហកម្មការពារជាតិរបស់យើង។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យលក់សម្ភារៈឯកសណ្ឋានយោធាដែលកម្ពុជាផលិតបាន ទៅក្រៅប្រទេសនៅថ្ងៃខាងមុខ ប៉ុន្តែការលក់ទៅក្រៅប្រទេសនេះ ធ្វើបានតែទៅប្រទេស ដែលរដ្ឋាភិបាលប្រទេសនោះបានបញ្ជាក់ជាមួយកម្ពុជាប៉ុណ្ណោះ។

សម្ដេច បានមានប្រសាសន៍ដូច្នេះថា៖ «យើងមិនមែនធ្វើដើម្បីតែផ្គត់ផ្គង់ឱ្យនគរបាល ឬទាហានតែក្នុងផ្ទៃប្រទេសទេ គោលដៅរបស់យើង យើងឈានទៅដល់ការនាំចេញសម្រាប់ប្រទេសទាំងឡាយដែលមានតម្រូវការទិញ..»។​​

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាវការពារយោធារបស់កម្ពុជា សុទ្ធតែមានគុណភាព ហើយអាវការពារនេះនាយករដ្ឋមន្រ្តី បានសាករួចហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រឹមរយៈពេលប្រមាណ៣ខែមកនេះ រាជរដ្ឋាភិបាល បានបញ្ជាទិញឯកសណ្ឋានយោធាពីរោងចក្រ DSS មានតម្លៃប្រមាណ ៧,៥ លានដុល្លាររួចហើយ៕



 

 

Powered by Blogger.