ឥណ្ឌាទាមទារឱ្យអាមេរិកបញ្ឈប់ការវាយប្រហារនាវាដឹកទំនិញ ក្រោយនាវិកឥណ្ឌា ៣នាក់ស្លាប់
ញូវដេលី៖ ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ បានអំពាវនាវយ៉ាងទទូចឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការវាយប្រហារលើនាវាដឹកជញ្ជូន បន្ទាប់ពីកងទ័ពអាមេរិកបានវាយប្រហារលើនាវាដឹកប្រេងដែលមាននាវិកឥណ្ឌាចំនួន ៣លើក ក្នុងសប្តាហ៍នេះ ដោយបណ្តាលឱ្យនាវិក ៣នាក់បាត់បង់ជីវិត។
នេះគឺជាករណីស្លាប់ដំបូងបង្អស់
ចាប់តាំងពីអាមេរិកបានចាប់ផ្តើមអនុវត្តវិធានការបិទខ្ទប់នាវាដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់
កាលពីខែមេសា។ ក្រសួងការបរទេសឥណ្ឌាបានកោះហៅភារធារីអាមេរិកប្រចាំទីក្រុងញូវដេលី
ដើម្បីសម្តែងក្តីកង្វល់យ៉ាងជ្រាលជ្រៅបំផុត ចំពោះការវាយប្រហារលើនាវា Settebello នៅក្បែរឆ្នេរអូម៉ង់ (Oman) ដែលបានឆក់យកជីវិតនាវិកឥណ្ឌាទាំងនោះ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា
បានសង្កត់ធ្ងន់ថាការវាយប្រហារទាំងនេះត្រូវតែបញ្ឈប់
និងអំពាវនាវឱ្យប្រើមធ្យោបាយការទូតដើម្បីដោះស្រាយបញ្ហា។
ជាការឆ្លើយតប
បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) អះអាងថា
ខ្លួនបានវាយប្រហារចំម៉ាស៊ីនកប៉ាល់ Settebello ដោយសារតែនាវានេះបានរំលោភលើការបិទខ្ទប់ដោយព្យាយាមដឹកប្រេងពីអ៊ីរ៉ង់
និងបដិសេធមិនស្តាប់តាមការណែនាំរបស់កងទ័ពអាមេរិក។ ទោះជាយ៉ាងណា
ក្រុមហ៊ុនគ្រប់គ្រងនាវាបានច្រានចោលការចោទប្រកាន់នេះ
ដោយអះអាងថានាវារបស់ខ្លួនមិនមានការពាក់ព័ន្ធនឹងប្រេងអ៊ីរ៉ង់ឡើយ
និងទាមទារឱ្យមានការស៊ើបអង្កេតជាអន្តរជាតិ។
ក្រោយការវាយប្រហារនេះ
កងទ័ពជើងទឹកអូម៉ង់បានជួយសង្គ្រោះនាវិកឥណ្ឌា ២១នាក់ដោយសុវត្ថិភាព
ខណៈដែលមន្ត្រីជាន់ខ្ពស់ឥណ្ឌាបានចាត់ទុកការបាត់បង់ជីវិតនាវិកទាំង ៣នាក់
ថាជាសោកនាដកម្មដ៏ធំធេង។ គួរបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌាមាននាវិកជាង ៣០ម៉ឺននាក់
ដែលកំពុងបម្រើការនៅលើកងនាវាដឹកជញ្ជូនទូទាំងពិភពលោក៕ (Reuters)

Post a Comment