ឃាត់ខ្លួនជនជាតិចិន ៧នាក់ និងមីយ៉ាន់ម៉ាម្នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅភូមិសាស្ត្រក្រុងកែប

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងការបង្ការបង្ក្រាប និងបោសសំអាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំកម្លាំងផែនការងារអន្តោប្រវេសន៍, ផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងអធិការដ្ឋាននគរបាលក្រុងកែប ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ច័ន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែន ដែលមានការចូលរួម ពីអាជ្ញាធរក្រុង សង្កាត់ បានចុះប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ក្នុងរង្វង់កិច្ចប្រតិបត្តិការកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៨នាក់ (ជនជាតិចិន ចំនួន៧នាក់ និងជនជាតិមីយ៉ាន់ម៉ា ចំនួន១នាក់) និងដកហូតសម្ភារ:វត្ថុតាង រួមមាន៖ កុំព្យូទ័រលើតុ ៥គ្រឿង និងទូរសព្ទ ៣គ្រឿង រួមទាំងសម្ភារៈជាឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយចំនួនទៀត។

ក្រោយឃាត់ខ្លួនជនជាប់សង្ស័យទាំង ៨នាក់ខាងលើ សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តកែប។

គួររំលឹកថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងរយៈពេលកន្លងមកនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត តែងតែក្រើនរំលឹកដល់បងប្អូនទាំងអស់ ដែលរស់នៅក្នុងខេត្តកែប ជាម្ចាស់ផ្ទះជួល រីស៊ត ផ្ទះសំណាក់ និងសណ្ឋាគារ ត្រូវត្រួតពិនិត្យរាល់លិខិតឆ្លងដែនទាំងអស់ របស់ជនបរទេស ដែលមានបំណងជួលសំរាប់ស្នាក់នៅ និងត្រូវរាយការណ៍មកអាជ្ញារធរដែលគ្រប់គ្រងនៅក្នុងឃុំ សង្កាត់ នៃទីតាំងអាគាររបស់បងប្អូន និងហាមឃាត់ជាដាច់ខាតពាក់ព័ន្ធទៅនិង (Scam online )

ក្នុងករណីជួលឲ្យជនបរទេសស្នាក់នៅ ហើយសមត្ថកិច្ចត្រួតពិនិត្យឃើញថា មានជនបរទេសដែលស្នាក់នៅគ្មានលិខិតឆ្លងដែន នោះម្ចាស់ទីតាំងត្រូវពិន័យជាប្រាក់ចំនួន ៤លានរៀលក្នុងម្នាក់ៗ ហើយប្រសិនបើម្ចាស់ទីតាំងពាក់ព័ន្ធទៅនឹង Scam Online ទៀតនោះ នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់បន្ថែមទៀត។

សូមបងប្អូនសហការចូលរួមរាយការណ៍ទីតាំងសង្ស័យពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តកែប តាមរយៈលេខ 097 7 553 777 និង 097 2 220 304






 

Powered by Blogger.