សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល២ឆ្នាំទៀត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ, អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល
បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការងារ
និងប្រតិបត្តិការអាជីវកម្មរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយបានគូសបញ្ជាក់ថា
បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម បាន
និងកំពុងបោះទុនវិនិយោគសរុបប្រមាណ ១,២
ពាន់លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ ១២
លានតោនក្នុងមួយឆ្នាំ និងបានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករសរុបចំនួន ២ ១១៩
នាក់ ក្នុងនោះបុគ្គលិក និងកម្មករខ្មែរមាន ១ ៩០០ នាក់ ស្មើនឹង ៩០%។
អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានបន្ថែមទៀតថា
សមាជិកសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាបានផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងទីផ្សារក្នុងស្រុកសរុបពី
៨ ទៅ ៩ លានតោនក្នុងមួយឆ្នាំ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ ៨៥%
នៃខ្សែច្រវាក់ផលិតកម្មស៊ីម៉ងត៍
ដែលការណ៍នេះជួយរក្សាបាននូវភាពប្រកួតប្រជែងរបស់សមាគម។ ក្រៅពីប្រតិបត្តិការអាជីវកម្ម, សមាគមក៏បានចូលរួមអភិវឌ្ឍសហគមន៍ តាមរយៈការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌
និងកិច្ចការសង្គមផ្សេងៗ ដូចជាការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ, សាលារៀន,
មណ្ឌលសុខភាព និង ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ជាដើម។
ជាការឆ្លើយតប, សម្ដេចធិបតី
បានសម្ដែងការកោតសរសេីរ និងអបអរសាទរចំពោះសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា
ដែលទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន
ដែលធានាបាននូវការផ្គត់ផ្គង់ស៊ីម៉ងត៍លេីទីផ្សារក្នុងស្រុក។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានស្វាគមន៍ចំពោះស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់សមាគម
ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការធានាឱ្យបាននូវបរិមាណផលិតកម្ម, គុណភាព និង ស្តង់ដារផលិតផល ព្រមទាំងរក្សាបានសមត្ថភាពប្រកួតប្រជែងរបស់សមាគម។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ
និងយន្តការចាំបាច់របស់រាជរដ្ឋាភិបាល
ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលបាន
និងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា
រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក
ដែលរាជរដ្ឋាភិបាលធ្លាប់បានផ្តល់ជូនជាច្រើនឆ្នាំកន្លងមក
ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ សម្រាប់សហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល
២ ឆ្នាំទៀត ពោលគឺរហូតដល់ដំណាច់ឆ្នាំ ២០២៨។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា
ភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា
គឺជាការផ្សព្វផ្សាយប្រកបដោយសក្ដានុពលបំផុត
ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា។ បន្ថែមពីនេះ, សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់សមាគម ក៏ដូចជាបណ្តាក្រុមហ៊ុន, រោងចក្រ និង សហគ្រាសឯកជន ថា ដេីម្បីធានាបានភាពប្រកួតប្រជែង
និងការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ចំពោះផលិតផលរបស់ខ្លួន, អ្នកផលិតត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការធានាបាននូវគុណភាពល្អ
ជាមួយតម្លៃសមរម្យ។
ជាមួយគ្នានេះ, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា
បន្តពិនិត្យ និងពង្រឹងខ្សែច្រវាក់ផលិតកម្ម
ដើម្បីបម្រើដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែរឹងមាំបន្ថែមទៀត។
មុននឹងបញ្ចប់, សម្ដេចធិបតី
បានគូសបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលនឹងបន្តជួយជ្រោមជ្រែង
និងគាំទ្រដល់ភាពជោគជ័យរបស់វិស័យឯកជន
ព្រមទាំងបានចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
នៅកម្ពុជា។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំងក្នុង
និងក្រៅស្រុក ដែលមានជំនឿទុកចិត្ត និងបន្តពង្រីកការបោះទុនវិនិយោគនៅកម្ពុជា៕

Post a Comment