រុស្ស៉ីចេញមុខការពារបេឡារុស ក្រោយរងការព្រមានពីអ៊ុយក្រែន

មូស្គូ៖ កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ វិមានក្រឹមឡាំង បានចោទប្រកាន់អ៊ុយក្រែនថា បានគំរាមកំហែងអធិបតេយ្យរបស់ប្រទេស​បេឡារុស ដែលជាសម្ព័ន្ធមិត្តមួយដ៏ជិតស្និទ្ធរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងកៀវ បានទុកពេលឱ្យទីក្រុងមីនស្កិ៍មួយសប្តាហ៍ ដើម្បីបិទឬដក​ចេញស្ថានីយបញ្ជូនរលកសញ្ញាបន្ត ដែលខ្លួនអះអាងថា ត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ការវាយប្រហាររបស់រុស្ស៉ី។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រយៈពេល១សប្តាហ៍ គឺគួរតែគ្រប់គ្រាន់សម្រាប់ឱ្យមេដឹកនាំបេឡារុស លោក Alexander Lukashenko ដកឧបករណ៍ខាងលើចេញវិញ ខណៈលោក ហ្សេលេនស្គី បាននិយាយថា វាត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៉ី គាំទ្រដល់ការវាយប្រហារលើអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោក ហ្សេលេនស្គី ថែមទាំងបានព្រមានថា អ៊ុយក្រែននឹងធ្វើសកម្មភាព ប្រសិនបើលោក Lukashenko មិនធ្វើបែបនោះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងលោក Lukashenko ត្រូវបានរំពឹងថា នឹងជជែកគ្នា អំពីការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី នាពេលខាងមុខ។ លោក Peskov បានបន្តថា ពាក្យសម្តីគំរាមកំហែងនេះ​ មានភាពគឃ្លើនជាខ្លាំង ពោលគឺវាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​ប្រទែសដទៃ និងរំលោភបំពានលើអធិបតេយ្យរបស់ប្រទេសមួយទៀត ប៉ុន្តែរុស្ស៉ីជឿជាក់ថា ថ្នាក់ដឹកនាំបេឡារុស ក៏ដូចជា​ប្រទេសបេឡារុសទាំងមូល មានសមត្ថភាពរក្សាការពារអធិបតេយ្យរបស់ខ្លួនបាន។

សូមជម្រាបថា កងកម្លាំងយោធារបស់រុស្ស៉ី បានប្រើប្រាស់ទឹកដីរបស់បេឡារុស នៅពេលបើកការឈ្លានពានដំបូងចូលអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែទីក្រុងមីនស្កិ៍ ដែលបច្ចុប្បន្នទទួលឱ្យរុស្ស៉ីដាក់ពង្រាយអាវុធ នុយក្លេអ៊ែរតាកទិក មិនបានផ្តល់កងទ័ព​ចូលរួមផ្ទាល់ទេ ហើយក៏ធ្លាប់អះអាងថា មិនមានផែនការចូលរួមក្នុងសង្រ្គាមដែរ៕ (Reuters)



 

Powered by Blogger.