ទេសរដ្ឋមន្ត្រី ថោង ខុន ប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាល ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប និងដឹកនាំពិគ្រោះយោបល់ លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ
ខេត្តសៀមរាប៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាលស្តីពី «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» អមជាមួយការបើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ (២០២៦-២០២៨)។
ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារអង្គរសេនជូរី
ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក គ.អ.ទ.ស.
អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង៥គោលដៅក្នុងខេត្តសៀមរាប ជនបង្គោល
លេខាធិការដ្ឋាន គ.អ.ទ.ស. សមាគមក្នុងវិស័យទេសចរណ៍ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប
និងមន្ទីរ/អង្គភាពពាក់ព័ន្ធ សរុបប្រមាណជាង ១០០នាក់។
ក្នុងអង្គពិធីនេះក៏មានសេចក្តីរាយការណ៍របស់លេខាធិការដ្ឋានស្តីពីលទ្ធផលនៃការបើកវគ្គបណ្តុះបណ្តាល, ការរៀបចំឯកសារវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ
២០២៦-២០២៨, កម្រងសំនួរស្ទង់មតិស្តីពីការវាយតម្លៃហានិភ័យរចនាសម្ព័ន្ធ
និងយុទ្ធសាស្ត្រវិស័យទេសចរណ៍ខេត្តសៀមរាប, របាយការណ៍របស់រដ្ឋបាលខេត្តសៀមរាបស្តីពីស្ថានភាពទេសចរណ៍ខេត្តសៀមរាបបច្ចុប្បន្ន
និងរបាយការណ៍របស់ក្រសួងទេសចរណ៍ស្តីពីការគិតគូរជាទិសដៅអនុវត្តសម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាប។
អង្គពិធីបានដំណើរការកិច្ចពិភាក្សាយ៉ាងផុសផុលលើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ
(២០២៦-២០២៨) ដែលសម្របសម្រួលដោយលោក ណេប សាមុត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី
និងជាប្រធានលេខាធិការដ្ឋាន គ.អ.ទ.ស. ។
បន្ទាប់ពីបានពិភាក្សា
និងផ្តល់យោបល់រួចមកទេសរដ្ឋមន្រ្តី ថោង ខុន បានគូសបញ្ជាក់ថា
ដើម្បីស្តារវិស័យទេសចរណ៍ខេត្តសៀមរាប ត្រូវគិតគូរលើ ៤ជំហានធំៗ
តាមខ្សែច្រវាក់តម្លៃនៃការធ្វើដំណើររបស់ភ្ញៀវទេសចរពីដើមខ្សែ ដល់ចុងខ្សែ រួមមាន៖
ទី១៖
វិធានការផ្សព្វផ្សាយឱ្យស្គាល់ និងទាក់ទាញ៖ ការកំណត់និងទាក់ទាញទីផ្សារអាទិភាព
និងទីផ្សារគោលដៅថ្មីៗ ការជំរុញការទូតទេសចរណ៍ការកសាងទំនុកចិត្តឡើងវិញ
និងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងរដូវកាលបៃតង ដោយផ្តោតលើយុទ្ធសាស្ត្រ «តម្លៃប្រៀបធៀប»។
ទី២៖
បង្កលក្ខណៈងាយស្រួលក្នុងការរៀបចំដំណើរកម្សាន្ត និងការមកដល់៖ ការដោះស្រាយបញ្ហាការតភ្ជាប់ជើងហោះហើរដែលកំពុងខ្វះខាត
តាមរយៈការផ្តល់កញ្ចប់លើកទឹកចិត្តផ្នែកអាកាសចរណ៍
ការសិក្សាលទ្ធភាពបន្ថែមលើនីតិវិធីច្រកទ្វារព្រំដែន ការកែទម្រង់គោលនយោបាយទិដ្ឋាការ
និងការរៀបចំកញ្ចប់ទស្សនកិច្ចតម្លៃសមរម្យ។
ទី៣៖
សម្រួលដល់ដំណើរកម្សាន្តក្នុងខេត្តសៀមរាបប្រកបដោយភាពកក់ក្តៅ៖ នេះជាចំណុចស្នូលក្នុងការធ្វើពិពិធកម្មផលិតផល«លើសពីប្រាសាទ» នៅក្នុងតំបន់អាទិភាពទាំង៦, ការកាត់បន្ថយភាពធ្លុះធ្លាយសេដ្ឋកិច្ចក្នុងខ្សែច្រវាក់តម្លៃទេសចរណ៍
និងការធ្វើកំណែទម្រង់បណ្ណទស្សនាអង្គរ
ដើម្បីឆ្លើយតបនឹងតម្រូវការចម្រុះរបស់ភ្ញៀវទេសចរ។
ទី៤៖
ដំណើរវិលត្រឡប់ទៅវិញប្រកបដោយការចងចាំល្អ៖ ការធានាសន្តិសុខ
សុវត្ថិភាព អនាម័យចំណីអាហារ ទប់ស្កាត់ និងបោសសម្អាតបទល្មើសនិងការឆបោក
យុទ្ធនាការគ្មានប្លាស្ទិក ការសម្រួលប្រព័ន្ធទូទាត់ឌីជីថលសម្រាប់ភ្ញៀវបរទេស
ដើម្បីធានាថាភ្ញៀវទេសចរទទួលបាននូវបទពិសោធល្អប្រកបដោយការចងចាំល្អ
និងត្រឡប់មកវិញជាលើកទី២។
ទេសរដ្ឋមន្រ្តី
ថោង ខុន ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា ភាពជោគជ័យនៃបេសកកម្មនេះ
មិនអាចសម្រេចបានដោយស្ថាប័នរដ្ឋតែឯងនោះទេ
គឺទាមទារចាំបាច់នូវការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្រោមអភិក្រមភាពជាដៃគូ «រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍ» ដើម្បីស្រោចស្រង់
និងលើកស្ទួយខេត្តសៀមរាបឱ្យបន្តលេចធ្លោជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់កម្ពុជាប្រកបដោយគុណភាពខ្ពស់
និងភាពធន់រឹងមាំ ស្របតាមតាមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ
និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ដែលបានលើកឡើងថា «ប្រើនូវកម្លាំងសរុប មធ្យោបាយសរុប ទាញឱ្យបានច្រើន ហើយដាក់ទិសដៅទាញមកសៀមរាប
ព្រោះទាញមកសៀមរាប គឺទាញមកកម្ពុជាទាំងមូល»។
ឯកឧត្តមទេសរដ្ឋមន្ត្រី
ក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមចំនួន ៤៥រូប
មកពីអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង០៥
(តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន, តំបន់ក្រុងសៀមរាប, តំបន់ការពារប្រាសាទបន្ទាយស្រី
និងតំបន់បឹងទន្លេសាប) ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។
ការបណ្តុះបណ្តាលធនធានមនុស្សនេះ
គឺជាការឆ្លើយតបយ៉ាងជិតស្និទ្ធទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
របស់រាជរដ្ឋាភិបាល ដែលចាត់ទុកមនុស្ស គឺជាស្នូលនៃកិច្ចអភិវឌ្ឍន៍ ដើម្បីឱ្យមន្ត្រីជួរមុខយកចំណេះដឹងទាំងនេះទៅអនុវត្តផ្ទាល់នៅតាមគោលដៅទេសចរណ៍អាទិភាពទាំង៦តំបន់
ក្នុងខេត្តសៀមរាប៕







Post a Comment