​ថ្នាក់ដឹកនាំស្រុកបន្ទាយមាស ដឹកនាំមន្ត្រី និងសិស្សានុសិស្ស ដាំដើមត្នោតអមសងខាងផ្លូវលំឆ្ពោះទៅរមណីយដ្ឋានភ្នំទូកមាស

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ យុទ្ធនាការដាំកូនឈើ (ដើមត្នោត) មួយត្រូវបានប្រារព្ធឡើងយ៉ាងផុសផុល នៅអមសងខាងផ្លូវលំដែលតភ្ជាប់ពីផ្លូវវាងស្រុក ឆ្ពោះទៅកាន់ជើងភ្នំទូកមាស (តំបន់រូងប្រចៀវ) ស្ថិតក្នុងភូមិសាស្ត្រស្រុកបន្ទាយមាស។ ​សកម្មភាពដ៏មានសារៈសំខាន់នេះ ដឹកនាំដោយផ្ទាល់ពី លោក នូរ ច័ន្ទដា អភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស លោក គង់ គឹមសាធ ប្រធានក្រុមប្រឹក្សាស្រុក ​ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការក្រោមឱវាទ មន្ត្រីកសិកម្មឃុំ ព្រមទាំងប្អូនៗសិស្សានុសិស្សមកពីវិទ្យាល័យទូកមាសយ៉ាងច្រើនកុះករ។

លោក នូរ ច័ន្ទដា បានមានប្រសាសន៍ថា ត្នោតជាតំណាងអត្តសញ្ញាណជាតិ និងផ្តល់ប្រយោជន៍មហាសាល
​ការជ្រើសរើស «ដើមត្នោត» មកដាំដុះនៅក្នុងយុទ្ធនាការនាពេលនេះ មិនត្រឹមតែជួយបង្កើតគម្របបៃតង និងបង្កើនសោភ័ណភាពនៅតាមដងផ្លូវឆ្ពោះទៅកាន់តំបន់ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យជ្រាលជ្រៅសម្រាប់វប្បធម៌ខ្មែរ យ៉ាងណា ​«ដើមត្នោត គឺជារុក្ខជាតិវប្បធម៌តំណាងឲ្យអត្តសញ្ញាណជាតិខ្មែរ និងជាដួងព្រលឹងនៃប្រពៃណីកសិកម្ម។ លើសពីនេះ វាជារុក្ខជាតិដែលមានប្រយោជន៍ច្រើនអាណែក តាំងពីឫស ដើម ស្លឹក រហូតដល់ផ្លែផ្កា ដែលប្រជាពលរដ្ឋខ្មែរអាចទាញយកផលប្រយោជន៍បានស្ទើរតែទាំងស្រុងសម្រាប់ការរស់នៅ និងសេដ្ឋកិច្ចគ្រួសារ»។

លោកអភិបាលបន្តថាការដាំកូនឈើអមសងខាងផ្លូវលំតភ្ជាប់ទៅកាន់ជើងភ្នំទូកមាស (រូងប្រចៀវ) នាពេលនេះមិនតែត្រឹមតែជាចូលការរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ និងបរិស្ថាន ហើយក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រជំរុញ និងទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រនៅក្នុងមូលដ្ឋានកាន់តែច្រើនឡើង តាមរយៈការរៀបចំបរិស្ថានបៃតងស្អាត និងមានរបៀបរៀបរយ។ ​ទន្ទឹមនឹងនេះ សកម្មភាពនេះក៏បានបណ្តុះស្មារតីដល់ស្រទាប់យុវជន និងសិស្សានុសិស្ស ឲ្យចេះស្រឡាញ់ ថែរក្សាការពារបរិស្ថាន និងយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃរុក្ខជាតិអត្តសញ្ញាណជាតិខ្លួនឯងផងដែរ៕














Powered by Blogger.