ខែឧសភា កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគ៣៧ ក្នុងទំហំទុនវិនិយោគ ៥៧០លានដុល្លារ បង្កើតការងារ ២៦ពាន់កន្លែង

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥៧០លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៦។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ មិថុនា ថា «ក្នុងខែឧសភា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៥៧០លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានប្រមាណ ២៦ពាន់កន្លែង»។

ក្នុងចំណោមគម្រោងវិនិយោគទាំង ៣៧ មានគម្រោងចំនួន ២៩ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៤៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៣ពាន់ កន្លែង ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ដែលក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន ១៦, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២ និងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១១។

ដោយឡែក គម្រោងដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន ៨ ក្នុង ទំហំទុនវិនិយោគប្រមាណ ២៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២,២ពាន់កន្លែង៕





 

Powered by Blogger.