អ៊ីស្រាអែល បំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌ នៅភាគខាងត្បូងលីបង់

បេរូត៖ សសរបុរាណ​ក្នុង​តំបន់​ចុះ​បញ្ជី​ដោយ​អង្គការ​យូណេស្កូ​ (UNESCO) នៅទីក្រុង​កំពង់ផែ Tyre ប្រទេស​លីបង់ បានរងការខូចខាត កន្លែង​ធម្មយាត្រា​សម្រាប់​អ្នក​កាន់​សាសនា​ឥស្លាម និង​គ្រិស្ត​សាសនិក ​ត្រូវ​បាន​បំផ្លាញ​នៅ​ទីក្រុង​ភាគ​ខាង​ត្បូង​មួយ​ទៀត ខណៈអ៊ីស្រាអែល វាយប្រហារលើផ្សារតាំងពីសម័យ Mamluk ក្នុងទីក្រុង Nabatieh ហើយកងទ័ពបានវាយកម្ទេចទីប្រជុំជនព្រំដែនលីបង់ ដែលមានអាយុកាលរាប់សតវត្ស។

រដ្ឋមន្រ្តីក្រសួងវប្បធម៌លីបង់ លោក Ghassan Salame បានឱ្យដឹងថា ជិត ៤ខែនៃការប្រយុទ្ធតាមផ្លូវអាកាស និងជើងគោក ដែលកំណត់គោលដៅលើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានបង្កការខូចខាត ឬបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌ នៅទូទាំងភាគខាងត្បូងលីបង់។ ទោះជាបីមានបទឈប់បាញ់តាំងពី ១សប្តាហ៍មុនមក អាជ្ញាធរមិនអាចចូលផ្តិតយករូបភាពនៃការខូចខាត ក្នុងតំបន់ប្រហែល ១០គីឡូម៉ែត្រនៃទឹកដីលីបង់ ដែលអ៊ីស្រាអែលកំពុងកាន់កាប់បានទេ។

តំបន់របស់លីបង់ដែលអ៊ីស្រាអែលកំពុងកាន់កាប់ រួមមានប្រាសាទមជ្ឈិមសម័យ Beaufort ក៏ដូចជាភូមិអាយុកាលរាប់សតវត្សន៍ ដែលជាជម្រកនៃអ្នកកាន់សាសនាគ្រិស្ត និងមូស្លីមទាំងពីរនិកាយ និងកន្លែងគោរពបូជារបស់ពួកគេ។ សូម្បី​តែ​ទី​ក្រុង​បុរាណ​នៅ​ក្រៅ​តំបន់​កាន់កាប់ដោយអ៊ីស្រាអែល ក៏​​បាន​រងការវាយ​ប្រហារ​តាម​ផ្លូវ​អាកាស រួម​ទាំងទី​ក្រុង Tyre និងទីក្រុង Nabatieh ផងដែរ។ 

តាមលោក Salame ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងលើទីក្រុង Tebnin ជំរុញឱ្យមានការភ័យខ្លាចថា បន្ទាយ Crusader ក៏អាចនឹងរងការខូចខាតផងដែរ។

ឆ្លើយតបចំពោះករណីខាងលើនេះ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនគ្មានបំណងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ ហើយការវាយប្រហារគឺសំដៅតែលើគោលដៅយោធាក្រុមហេសបូឡាប៉ុណ្ណោះ ជាមួយការគិតគូរអំពីសុវត្ថិភាពជនស៊ីវិល៕ (Reuters)





 

 

Powered by Blogger.