ប្រមុខ WHO ធ្វើដំណើរទៅកាន់ប្រទេសកុងហ្គោ ខណៈការផ្ទុះឡើងនៃជំងឺអេបូឡាកំពុងហួសពីសមត្ថភាពគ្រប់គ្រង
គីនសាសា៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) នាថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) ខណៈដែលការផ្ទុះឡើងនៃជំងឺ អេបូឡា (Ebola) ដ៏ធំបំផុតទីបីក្នុងប្រវត្តិសាស្ត្រ កំពុងមានសន្ទុះលឿនជាងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបរបស់សហគមន៍អន្តរជាតិ។
អាជ្ញាធរសុខាភិបាលកុងហ្គោ
និងបណ្តាប្រទេសជិតខាង កំពុងស្វះស្វែងទប់ស្កាត់ការរីករាលដាលនៃវីរុសអេបូឡាប្រភេទកម្រ
Bundibugyo
ដែលមិនទាន់មានវ៉ាក់សាំង ឬវិធីព្យាបាលនៅឡើយ។
ប្រតិបត្តិការឆ្លើយតបដែលពឹងផ្អែកលើការកំណត់អត្តសញ្ញាណ និងការដាក់ឱ្យនៅដាច់ដោយឡែក
កំពុងមានភាពយឺតយ៉ាវយ៉ាងខ្លាំង ដែលជំរុញឱ្យ WHO ប្រកាសចាត់ទុកបញ្ហានេះជាគ្រោះអាសន្នសុខភាពសាធារណៈអន្តរជាតិ។
លោក ថេដ្រូស (Tedros Adhanom Ghebreyesus) ប្រមុខ WHO
បានសង្កត់ធ្ងន់ថា៖ «ប្រទេសនេះធ្លាប់យកឈ្នះអេបូឡា
១៦ដងរួចមកហើយ។ លើកទី១៧ នេះក៏មិនខុសគ្នាដែរ ប៉ុន្តែយើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ
និងរួមគ្នា»។
លោក ថេដ្រូស
គ្រោងនឹងចុះពិនិត្យផ្ទាល់នៅខេត្តអ៊ីទូរី (Ituri) ភាគឦសានកុងហ្គោ
ដែលជាប្រភពដើមនៃការផ្ទុះឡើងនៃជំងឺនេះ។ បច្ចុប្បន្ន
គ្រូពេទ្យនៅទីនោះកំពុងប្រឈមនឹងការខ្វះខាតសម្ភារបរិក្ខារ
និងការវាយប្រហារលើមន្ទីរពេទ្យ ដោយសារប្រជាជនមួយចំនួនមិនជឿថាជំងឺនេះមានពិត។
យោងតាមទិន្នន័យចុងក្រោយរបស់ WHO មានករណីសង្ស័យឆ្លងចំនួន ១,០៧៧ករណី និងសង្ស័យស្លាប់ ២៤៦នាក់ ខណៈអ្នកជំនាញព្រមានថាតួលេខពិតប្រាកដអាចមានច្រើនជាងនេះឆ្ងាយ។
ដើម្បីឆ្លើយតបនឹងវិបត្តិនេះ WHO
កំពុងបង្កើនការធ្វើតេស្ត ខណៈបេសកកម្មរក្សាសន្តិភាព MONUSCO ក៏បានដឹកជញ្ជូនសម្ភារៈវេជ្ជសាស្ត្រជិត ៥តោនទៅកាន់តំបន់រងគ្រោះផងដែរ។
ទោះជាយ៉ាងណា ប្រតិបត្តិការជួយសង្គ្រោះកំពុងជួបឧបសគ្គ
ដោយសារការរឹតបន្តឹងជើងហោះហើរទៅកាន់តំបន់នោះពីសំណាក់រដ្ឋាភិបាលកុងហ្គោ៕ (Reuters)

Post a Comment