ឯកអគ្គរដ្ឋទូតចិន និងរដ្ឋបាលខេត្តកែប ប្តេជ្ញាបន្តកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Scam Online) និងបទល្មើសឆ្លងដែនខុសច្បាប់
ដោយ : ទ្រី ហៀន
ខេត្តកែប៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅរដ្ធបាលខេត្តកែប ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ប៊ុន យោង អភិបាលរង នៃគណៈអភិបាលខេត្តកែប។នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះដែរ ភាគីទាំងពីរបានបង្ហាញនូវភាពស្និទ្ធស្នាល និងប្រកបដោយមិត្តភាព និងបានផ្លាស់ប្តូរមតិយោបល់ ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការជំរុញការអភិវឌ្ឍលើវិស័យនានារវាងភាគីទាំងពីរ ដោយផ្តោតការពិភាក្សាលើបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ដែលកំពុងក្លាយជាបញ្ហាប្រឈមមួយនាពេលបច្ចុប្បន្ន។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា (Scam Online) និងបទល្មើសឆ្លងដែនផ្សេងៗ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក ប៊ុន យោង អភិបាលរងខេត្តកែប បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដោយបានលើកឡើងអំពីសក្តានុពល និងការរីកចម្រើនរបស់ខេត្តកែប ព្រមទាំងបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ទម្រង់ ជាពិសេសបទល្មើសតាមប្រព័ន្ធអនឡាញ។
ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ធទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាលខេត្តកែប និងបានសម្តែងការគាំទ្រចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការអភិវឌ្ឍរវាងកម្ពុជា–ចិន ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕














Post a Comment