សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ប្រធានសាខា (ក.ប.ប) ខេត្តបាត់ដំបង ដែលត្រូវដកតំណែង គួរបញ្ជូនទៅ (ACU )
ភ្នំពេញ÷ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដោយសង្កត់ធ្ងន់ថា ប្រធានសាខា (ក.ប.ប) ខេត្តបាត់ដំបង ដែលត្រូវដកតំណែង ដោយសម្តេចចាត់ទុកជាមន្ត្រីផ្លែទុរេន គួរបញ្ជូនទៅ ACU បន្ថែមទៀត។
សម្រេចថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធអគារ «៦មករា» និងសមិទ្ធផលនានា នៃមន្ទីរគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងសំណេះសំណាល ជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ- នៃខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានប្រកាសថា សម្តេចឈប់ហៅ «មន្រ្តីគ្រាប់ល្ពៅ» ដោយប្តូរមកហៅ «មន្រ្តីផ្លែទុរេន» វិញ ដោយសម្តេចបញ្ជាក់ថារឿងនិទាន «មន្រ្តីគ្រាប់ល្ពៅ» វាគ្រាន់តែជារឿងប្រឌិតតែប៉ុណ្ណោះ តែរឿង «មន្រ្តីផ្លែទុរេន» ជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ ដោយសម្តេចតេជោ ក៏បានប្រកាសផងដែរថា សម្តេចនឹងធ្វើការតាមដានរឿងទុរេននេះរហូត ខណៈមន្ត្រីដែលគ្រោះថ្នាក់នោះ ជាមន្ត្រីផ្លែទុរេននេះហើយ ដែលដើរភូតកុហកទូទាំងប្រទេស។
សម្តេចតេជោ សង្កត់ធ្ងន់ថា ប្រសិនសម្តេចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវិញ សម្តេចនឹងបញ្ជូនមន្រ្តីទុរេននេះទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ស្រាវជ្រាវលើរឿងនេះបន្ថែម ហើយការដកចេញពីក្របខណ្ឌចំពោះបុគ្គលនេះមិនទាន់គ្រប់គ្រាន់ទេ ត្រូវមើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ នេះជាការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេស។
សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ បានចេញសេចក្ដីប្រកាសបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប.» ខេត្តបាត់ដំបង នៃអគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ករណីអ្នកកាងឈ្មួញនាំទុរេនមកពីថៃ៕

Post a Comment