អគ្គលេខាធិការ UN បង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះផែនការវាយប្រហារទីក្រុងកៀវ របស់រុស្ស៊ី
ញូវយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) នៅថ្ងៃអង្គារ បានបង្ហាញ «ក្តីបារម្ភយ៉ាងខ្លាំង» ចំពោះសេចក្តីប្រកាសរបស់ប្រទេសរុស្ស៊ី ដែលគ្រោងនឹងបើកការវាយប្រហារទៅលើសហគ្រាសការពារជាតិ និងមជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្តនានា នៅក្នុងរដ្ឋធានីកៀវរបស់អ៊ុយក្រែន។
ការព្រមានរបស់ទីក្រុងមូស្គូនេះ
ធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ
បន្ទាប់ពីរុស្ស៊ីបានទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបំផុតមកលើរដ្ឋធានីកៀវ។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុអង្គការសហប្រជាជាតិ លោក ហ្គូតឺរ៉េស
បានកត់ សម្គាល់ថា ការប្រកាសផែនការវាយប្រហាររបស់រុស្ស៊ីនៅពេលនេះ
កើតឡើងក្រោយមានសេចក្តីរាយការណ៍ថា
អ៊ុយក្រែនបានប្រើប្រាស់យន្តហោះដ្រូនវាយប្រហារលើអគារមហាវិទ្យាល័យ
និងអន្តេវាសិកដ្ឋានមួយ នៅក្នុងទីក្រុងស្តារ៉ូប៊ីលស៍ ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដោយរុស្ស៊ី។
លោកអគ្គលេខាធិការរូបនេះបានសង្កត់ធ្ងន់ថា «យើងបានថ្កោលទោសការវាយប្រហារលើសាលារៀននោះ
ដូចដែលយើងតែងតែថ្កោលទោសរាល់ការវាយប្រហារលើជនស៊ីវិល
និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅគ្រប់ទីកន្លែង។ នៅពេលនេះ
វាជារឿងចាំបាច់បំផុតដែលត្រូវបញ្ចៀសការកើនឡើងកម្តៅនៃជម្លោះ ដែលកំពុងតែបំផ្លិចបំផ្លាញអាយុជីវិតជនស៊ីវិល
និងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពកាន់តែឃ្លាតឆ្ងាយ»៕ (Reuters)

Post a Comment