គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរ ចុះធ្វើវិធានការរដ្ឋបាលចំហ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)
អត្ថបទ៖ ទ្រី ហៀន
កែប៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរ បានចុះធ្វើវិធានការរដ្ឋបាលចំហយ៉ាងសកម្មនៅទូទាំងភូមិសាស្ត្រមូលដ្ឋានរបស់ខ្លួន ដើម្បីគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ព្រមទាំងច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដល់ម្ចាស់ទីតាំងអាជីវកម្ម និងប្រជាពលរដ្ឋ។
សកម្មភាពនេះបានដឹកនាំដោយលោក ឆាង ឆៃ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ផ្ទាល់ និងមានការចូលរួមសហការពីកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរឃុំ-ភូមិ ដោយបានចុះផ្ទាល់ដល់ទីតាំងអាជីវកម្ម ផ្ទះសំណាក់ និងផ្ទះជួលនានា។ គោលបំណងសំខាន់នៃប្រតិបត្តិការនេះ គឺដើម្បីត្រួតពិនិត្យ ណែនាំ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវ អនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ព្រមទាំងច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដល់ម្ចាស់ទីតាំងអាជីវកម្ម និងប្រជាពលរដ្ឋ។
រដ្ឋបាលស្រុកដំណាក់ចង្អើរ បានគូសបញ្ជាក់ និងព្រមានយ៉ាងដាច់អហង្ការដល់ម្ចាស់ទីតាំងទាំងអស់ថា អាជ្ញាធរនឹងចាត់វិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ ចំពោះបុគ្គលណាដែលហ៊ានបិទភ្នែក លួចលាក់ ឬជួលទីតាំងរបស់ខ្លួនឱ្យឧក្រិដ្ឋជនប្រើប្រាស់ជាកន្លែងប្រព្រឹត្តបទល្មើសអនឡាញ។ យោងតាមច្បាប់ថ្មី ម្ចាស់ទីតាំងត្រូវប្រឈម និងការទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន។
ទន្ទឹមនឹងនេះ អាជ្ញាធរស្រុក
ក៏បានអំពាវនាវយ៉ាងទទូចដល់សាធារណជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ឱ្យចូលរួមសហការរាយការណ៍ជាបន្ទាន់មកកាន់សមត្ថកិច្ច ប្រសិនបើប្រទះឃើញមុខសញ្ញា
ឬទីតាំងសង្ស័យណាមួយ ដើម្បីរួមគ្នាការពារស្រុកដំណាក់ចង្អើរ
ឱ្យរក្សាបាននូវកិត្តិនាមជាតំបន់ទេសចរណ៍ដ៏មានសុវត្ថិភាព
និងគ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕






Post a Comment