Netanyahu ចេញបញ្ជាឱ្យកងទ័ពអ៊ីស្រាអែលពង្រីកការកាន់កាប់ហ្កាហ្សា

តែលអាវីវ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញបញ្ជាឱ្យកងទ័ពអ៊ីស្រាអែលពង្រីកការកាន់កាប់ឱ្យដល់ ៧០ភាគរយលើតំបន់ហ្កាហ្សា ជាទីដែល ប្រជាជនប៉ាឡេស្ទីនត្រូវបានបង្ខំឱ្យទៅរស់នៅលើដីដ៏តូចចង្អៀតមួយរួចទៅហើយ ស្ថិតនៅតាមបណ្ដោយឆ្នេរនៃតំបន់ហ្កាហ្សា។

ក្នុងវីដេអូមួយត្រូវបានចាក់ផ្សាយដោយទូរទស្សន៍អ៊ីស្រាអែល Channel 12 កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក Netanyahu បាននិយាយថា «ក្នុងពេលនេះ យើងកំពុងកាន់កាប់ ៦០ភាគរយនៃទឹកដីហ្កាហ្សា ហើយខ្ញុំបានបញ្ជាឱ្យពង្រីកការកាន់កាប់ដល់ ៧០ភាគរយ»។ នៅពេលមានអ្នកស្រែកនៅឯពិធីជួបជុំមួយថាអ៊ីស្រាអែលត្រូវតែគ្រប់គ្រង ទាំងស្រុងលើតំបន់ហ្កាហ្សា លោក Netanyahu មិនបានប្រកែកនឹងគំនិតនេះទេ ដោយលោកបញ្ជាក់ថាជាដំបូង អ៊ីស្រាអែលត្រូវកាន់កាប់តំបន់ហ្កាហ្សាឱ្យបាន ៧០ភាគរយសិន។

សូមជម្រាបថា អ៊ីស្រាអែល កាលពីពាក់កណ្ដាលខែមីនាកន្លងទៅ ត្រូវបានរាយការណ៍ថាបានបញ្ជូនផែនទីទៅឱ្យបណ្ដាអង្គការមនុស្សធម៌ ដែលបង្ហាញថាខ្លួនបានពង្រីករួចទៅហើយនៃ ការគ្រប់គ្រងរបស់ខ្លួន ១១ភាគរយបន្ថែមទៀត ពោលគឺហួសពីការកំណត់ព្រំដែន Yellow Line នៅលើទឹកដីហ្កាហ្សាដែលកងទ័ពអ៊ីស្រាអែលកំពុងកាន់កាប់។ Yellow Line នេះ ត្រូវបានព្រមព្រៀងក្នុងបទឈប់បាញ់មួយគាំទ្រដោយសហរដ្ឋអាមេរិកកាលពីខែតុលា ឆ្នាំ២០២៥។ នេះមានន័យថាអ៊ីស្រាអែលបានគ្រប់គ្រង ៦៤ភាគរយនៃទឹកដីហ្កាហ្សា មិនមែន ៥៣ភាគរយដូចដែលត្រូវបានរាយការណ៍កន្លងមកនោះទេ៕ (Reuters)



 

Powered by Blogger.