ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៦ របស់នាយកដ្ឋានអង្គរក្ស

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៦ របស់នាយកដ្ឋានអង្គរក្ស។

កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស និងលោក-លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ-លោកប្រធានអង្គភាពចំណុះនាយកដ្ឋានអង្គរក្ស។ ឆ្លៀតឱកាសនេះឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានសម្ដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះអស់លោក-លោកស្រីដែលជាអនុប្រធាននាយកដ្ឋាន នាយការិយាល័យ ប្រធានអង្គភាព ក៏ដូចជាមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្សទាំងអស់ ដែលកន្លងមកតែងតែងខិតខំបំពេញភារកិច្ចតាមជំនាញរៀងៗខ្លួន ដោយទទួលបាលលទ្ធផលល្អជាបន្តបន្ទាប់ និងទទួលបានការកោតសសើរពីថ្នាក់ដឹកនាំ។ ឯកឧត្ដម ក៏បានលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្តទៀត និងបានផ្ដល់អនុសាសន៍ មួយចំនួនដូចខាងក្រោម ៖ 

១- ត្រូវគោរពបទវិន័យ ក្រមសីលធម៌ និងវិជ្ជាជីវៈនគរបាលជាតិ ឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់។

២- ពង្រឹងប្រសិទ្ធភាពការងារ ដោយណែនាំមន្ដ្រីឱ្យយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងពេលបំពេញបេសកម្ម។

៣-ត្រូវប្រជុំផ្សព្វផ្សាយតាមការិយាល័យ-អង្គភាព ក្រោយពីទទួលបានផែនការ ឬគោលការណ៍ថ្មីៗពីនាយកដ្ឋាន។

៤-ត្រូវរៀបចំកិច្ចប្រជុំដកពិសោធន៍ការងារ (អាចធ្វើ ១ សប្ដាហ៍ ឬ ២សប្ដាហ៍ម្ដង) ដើម្បីស្វែងរកចំណុចខ្វះខាត និងបញ្ហាប្រឈមនានា។

៥- បន្ដពង្រឹងកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព តាមគោលដៅសំខាន់ៗ ដែលមានដូចជា ព្រះបរមរាជវាំង វិមានព្រឹទ្ធសភា វិមានរដ្ឋសភា និងនិវេសនដ្ឋានថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។

៦- ត្រូវត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗ ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៦នេះ ដោយបន្តហ្វឹកហាត់ពង្រឹងសមត្ថភាពមន្ត្រី ព្រមទាំងត្រួតពិនិត្យធានាគុណភាពសម្ភារបច្ចេកទេស និងមធ្យោបាយ។ 

៧- ត្រូវណែនាំមន្ដ្រីក្រោមឱវាទកុំមានការពាក់ព័ន្ធគ្រប់រូបភាព ជាមួយសកម្មភាព ឬក្រុមប្រព្រឹត្តិបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។

៨- ត្រូវមានសាមគ្គីភាពល្អ ទាំងក្នុងអង្គភាព នឹងជាមួយអង្គភាពពាក់ព័ន្ធ។

៩- ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងអាវុធជាតិផ្ទុះឱ្យបានម៉ត់ចត់។

១០- យកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខមន្ដ្រីនគរបាលជាតិដែលមានជំងឺ។

១១- ត្រូវយកចិត្តទុកដាក់លើការងារចុះគោរពវិញ្ញាណក្ខន្ធមន្ដ្រីនគរបាលជាតិពលី។

ពិធីនេះ ត្រូវបានបញ្ចប់ប្រកបដោយភាពស្និតស្នាលបំផុត ៕






Powered by Blogger.