សាសនិកឥស្លាមជាង ១,៥លាននាក់ ចាប់ផ្តើមប្រារព្ធពិធីបុណ្យធម្មយាត្រាហាជ្ជ នៅក្នុងទីក្រុង Mecca
ម៉ិកកា៖ សាសនិកឥស្លាមជាង ១,៥លាននាក់មកពីជុំវិញពិភពលោក នៅថ្ងៃចន្ទ បានចាប់ផ្តើមប្រមូលផ្តុំគ្នានៅក្នុងទីក្រុងពិសិដ្ឋម៉ិកកា (Mecca) នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីប្រារព្ធពិធីបុណ្យធម្មយាត្រាប្រចាំឆ្នាំ ហាជ្ជ (Hajj)។
ទោះបីជាស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងជួបប្រទះភាពតានតឹង
និងអសន្តិសុខដោយសារសង្គ្រាមក៏ដោយ ក៏មន្ត្រីអារ៉ាប៊ីសាអូឌីតបានកត់សម្គាល់ថា
ចំនួនអ្នកធ្វើធម្មយាត្រាមកពីក្រៅប្រទេសក្នុងឆ្នាំនេះ
មានការកើនឡើងច្រើនជាងឆ្នាំមុនទៅទៀត។
ក្រុមអ្នកធ្វើធម្មយាត្រាដែលស្លៀកសម្លៀកបំពាក់ពណ៌ស
បានធ្វើដំណើរតាមរថយន្តក្រុង និងដោយថ្មើរជើង ទៅដល់ជំរំតង់ដ៏ធំល្វឹងល្វើយនៅតំបន់មីណា
(Mina)
បន្ទាប់ពីបានដើរប្រទក្សិណ ៧ជុំ ជុំវិញប្រអប់គូបពណ៌ខ្មៅដ៏ធំ
ដែលគេស្គាល់ថា កាក្ពះ (Kaaba) នៅវិហារឥស្លាម Grand
Mosque ក្នុងទីក្រុងម៉ិកកា។
ដោយសារសីតុណ្ហភាពនៅតំបន់នោះបានហក់ឡើងដល់
៤៥អង្សាសេ អាជ្ញាធរសុខាភិបាលអារ៉ាប៊ីសាអូឌីត
បានអំពាវនាវឱ្យអ្នកចូលរួមទាំងអស់ប្រើប្រាស់ឆ័ត្រ
និងកាត់បន្ថយការនៅក្រោមកម្តៅថ្ងៃផ្ទាល់ ដើម្បីការពារហានិភ័យនៃជំងឺគាំងបេះដូង
និងការបាត់បង់ជាតិទឹក។
ដើម្បីធានាសុវត្ថិភាព ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតក៏បានរៀបចំដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសដ៏ទំនើបនៅជាយទីក្រុងម៉ិកកា ដើម្បីទប់ទល់នឹងការគំរាមកំហែងនានាផងដែរ៕ (AFP)

Post a Comment