ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយការងារចាំបាច់ដល់កម្លាំងនគរបាលទូទាំងខេត្ត
បន្ទាយមានជ័យ ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយការងារចាំបាច់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។
រយៈពេល៦ខែ ឆ្នាំ២០២៦ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គ្រប់ផ្នែក គ្រប់ថ្នាក់ទូទាំងខេត្ត បានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឲ្យសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ និងបានអនុវត្តគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពយ៉ាងសកម្ម ធ្វើឲ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ៥%(៤០/៤២) រីឯលទ្ធផលបង្ក្រាបបាន៧៨%(៣១/៤០) ចំណែកបទល្មើសឧក្រិដ្ឋរំលោភសេពសន្ថវៈមានការថយចុះ៥០%(១/២) ខណៈដែលគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង១០០% (៥៨/២៩) បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។ ដោយឡែកការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ បង្ការ បង្ក្រាបជាបន្តបន្ទាប់ ដែលសកម្មភាពទាំងនេះ ត្រូវបានប្រជាពលរដ្ឋគាំទ្រ និង កោតសរសើរចំពោះចំណាត់ការរបស់នគរបាល។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់ផ្នែកពាក់ព័ន្ធ រហូតបានលទ្ធផលល្អគួរជាទីមោទនៈ។ ទន្ទឹមគ្នានេះលោកក៏បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ នគរបាលតាមក្រុង/ស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ/សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោង, ពង្រឹងទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ពិសេសស្រុក/ក្រុងជាប់ព្រំដែន, ពង្រឹងទប់ស្កាត់ការស្នាក់នៅប្រមូលផ្តុំខុសច្បាប់របស់ជនបរទេស, ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងសន្តិសុខតាមព្រំដែន, បន្តស្រាវជ្រាវ បង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើងឲ្យមានប្រសិទ្ធភាព ត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារះពន្លត់អគ្គិភ័យ ដើម្បីចេញអន្តរាគមន៍ពន្លត់អគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុឲ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ៕










Post a Comment