រដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ ព័ត៌មានក្លែងក្លាយបានផ្តល់ផលអវិជ្ជមានដល់សង្គមជាតិដែលចាំបាច់យើងត្រូវតែចូលរួមក្នុងការទប់ស្កាត់
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ព័ត៌មានក្លែងក្លាយបានផ្តល់ផលអវិជ្ជមានដល់សង្គមជាតិដែលចាំបាច់យើងត្រូវតែចូលរួមក្នុងការទប់ស្កាត់វា។ ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្តី ធ្វើឡើងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលមានការចូលរួមពីសិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំជាង ២៥០០នាក់។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា
បានគូសបញ្ជាក់បន្ថែមថា ដើម្បីចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព
គឺសូមកុំចែករំលែកព័ត៌មានក្លែងក្លាយ
ដោយក្នុងករណីដែលប្អូនៗយល់ថាព័ត៌មានមួយនេះវាមិនត្រឹមត្រូវទេ
សូមកុំចែករំលែកបន្តឱ្យសោះ ព្រោះថាកាលបើយើងចែករំលែកបន្តនូវព័ត៌មានក្លែងក្លាយអាចនាំឱ្យយើងប្រឈមមុខនឹងផ្លូវច្បាប់
ដែលសិស្សានុសិស្សយើងត្រូវតែចៀសវាងការប្រឈមនឹងផ្លូវច្បាប់ព្រោះយើងកំពុងតែសិក្សាត្រូវប្រឹងសិក្សារៀនសូត្រ
និងនាំគ្នាចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងអស់គ្នា។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ទី១.ត្រូវមានដែលមានប្រភពច្បាស់លាស់
ទី២.ត្រូវមើលថាព័ត៌មានមួយនេះមានគេផ្សព្វផ្សាយច្រើនគ្នាដែរទេ
ទី៣.ត្រូវគិតថាវាពិតជាត្រឹមត្រូវដែរឬទេមុននឹងជឿ
តែយកល្អយើងត្រូវជឿទៅលើប្រភពផ្លូវការ ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ
និងប្រព័ន្ធផ្សព្វផ្សាយឯកជន ដែលមានការដកស្រង់ព័ត៌មានពីប្រភពច្បាស់លាស់មកធ្វើការចុះផ្សាយ
សូមកុំឱ្យមើលព័ត៌មានណាដែលគ្មានប្រភពច្បាស់លាស់ដែលអាចជាព័ត៌មានមិនពិត
តែបើមកពីប្រភពផ្លូវការ គឺជាព័ត៌មានដែលត្រឹមត្រូវ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្តថា
យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយនេះនឹងត្រូវធ្វើនៅតាមសាលារៀននៅទូទាំងប្រទេសបន្ទាប់ពីយុទ្ធនាការនៅវិទ្យាល័យ
ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំនាពេលនេះ
ដែលជាការជួបជុំដ៏សំខាន់ពីសំណាក់តំណាងមន្ទីរព័ត៌មានរាជធានី ខេត្ត
និងអ្នកពាក់ព័ន្ធសម្រាប់យកទៅរៀបចំបន្តនៅតាមបណ្តាសាលារៀននានានៅទូទាំងប្រទេស
ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ
ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយនៅកម្ពុជា
ជាពិសេសចំពោះសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សាដែលងាយក្លាយជាជនរងគ្រោះនៃព័ត៌មានក្លែងក្លាយ៕

Post a Comment