ផ្ទុះការតវ៉ា ក្នុងរដ្ឋធានីរបស់គុយបា ខណៈបញ្ហាដាច់ចរន្តអគ្គិសនីកាន់តែធ្ងន់ធ្ងរ

ឡាហាវ៉ាន៖ ការតវ៉ាបានផ្ទុះឡើងនៅទូទាំងទីក្រុងឡាហាវ៉ាន ប្រទេសគុយបា កាលពីយប់ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ខណៈដែលរដ្ឋធានីមួយនេះ ប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីធ្ងន់ធ្ងរ មិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ ចំពេលមានការបិទផ្លូវនាំចូលប្រេងពីសំណាក់សហរដ្ឋអាមេរិក។

អ្នកខឹងសម្បារជាច្រើន បានចេញមកតាមផ្លូវក្នុងសង្កាត់មួយចំនួន ដោយបិទផ្លូវ ដុតសម្រាម និងស្រែកថាឱ្យបើកភ្លើង ហើយថាពួកគេនឹងរួបរួមគ្នាយកឈ្នះឱ្យបាន។ អ្នកស្រុកម្នាក់និយាយថា គាត់សម្រេចចិត្តតវ៉ា បន្ទាប់ពីសង្កាត់ Playa របស់គាត់ គ្មានអគ្គិសនីប្រើប្រាស់អស់ជាង ៤០ម៉ោង។ មាន​ប៉ូលិស​យ៉ាង​ច្រើន​នៅ​កន្លែង​នីមួយៗ ហើយ​កម្លាំង​សន្តិសុខ​នៅចាំសង្កេត​មើល ​ដោយ​មិន​ធ្វើ​អន្តរាគមន៍។ តាម Reuters ការតវ៉ាធ្វើឡើងដោយសន្តិវិធី។

សូមជម្រាបថា ភាពខ្វះខាត និងការដាច់ភ្លើងនៅក្នុងប្រទេសគុយបា កាន់តែអាក្រក់ទៅៗ ចាប់តាំងពីខែមករា នៅពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថាចង់បំបាត់ការគ្រប់របស់រដ្ឋាភិបាលកុម្មុយនិស្ត និងបានដាក់ទណ្ឌកម្ម ក៏ដូចជាគំរាមកំហែងយកពន្ធលើប្រទេស ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់គុយបា៕ (Reuters)



 

 

Powered by Blogger.