ពលរដ្ឋស៊ូដង់ជិត ២០លាននាក់ កំពុងប្រឈមនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ខណៈសង្គ្រាមស៊ីវិលនៅតែបន្ត
គែរ៖ យោងតាមរបាយការណ៍របស់ស្ថាប័នឃ្លាំមើលភាពអត់ឃ្លានសកល (IPC) ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ប្រជាជនស៊ូដង់ ប្រមាណ ១៩,៥លាននាក់ ដែលស្មើនឹងជាង ៤០ភាគរយនៃចំនួនប្រជាជនសរុប កំពុងប្រឈមមុខនឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ដែលនេះគឺជាវិបត្តិទុរ្ភិក្សដ៏អាក្រក់បំផុតក្នុងពិភពលោក។
ការរីករាលដាលនៃភាពអត់ឃ្លាន
គឺជាមហន្តរាយចម្បងនៃសង្គ្រាមស៊ីវិលរយៈពេល ៣ឆ្នាំនៅក្នុងប្រទេសស៊ូដង់
ដែលបានសម្លាប់មនុស្សរាប់សែននាក់ បំផ្លិចបំផ្លាញសេដ្ឋកិច្ច វិស័យកសិកម្ម
និងបង្ខំឱ្យពលរដ្ឋ ១៤លាននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង។
ទោះបីជាតួលេខចុងក្រោយនេះមានការថយចុះបន្តិចបើធៀបនឹងការព្យាករណ៍កាលពីឆ្នាំមុនក៏ដោយ
ប៉ុន្តែតំបន់ចំនួន ១៤ ក្នុងរដ្ឋ Darfur ខាងជើង រដ្ឋ Darfur
ខាងត្បូង និងរដ្ឋ Kordofan ខាងត្បូង
នៅតែប្រឈមនឹងហានិភ័យនៃគ្រោះទុរ្ភិក្ស ដោយមានមនុស្ស ១៣៥,០០០នាក់
កំពុងប្រឈមនឹងភាពអត់ឃ្លានកម្រិត «មហន្តរាយ»។
បច្ចុប្បន្ន ការវាយប្រហារដោយយន្តហោះដ្រូន
បានក្លាយជាមធ្យោបាយសង្គ្រាមចម្បងជំនួសឱ្យការប្រយុទ្ធលើដី
ដោយបានកំណត់គោលដៅលើទីតាំងស៊ីវិល ដូចជាទីផ្សារ មន្ទីរពេទ្យ និងស្ថានីយអគ្គិសនី
ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៨៨០នាក់ តាំងពីខែមករាមក។ ស្ថាប័ន IPC
បានព្រមានថា អរិភាពដែលកំពុងបន្តនៅតាមបណ្តោយផ្លូវផ្គត់ផ្គង់សំខាន់ៗ
កំពុងបង្កើនហានិភ័យកាន់តែខ្លាំងឡើង។
បន្ថែមពីនេះ កុមារប្រមាណ ៨២៥,០០០នាក់ ត្រូវបានរំពឹងថានឹងទទួលរងនូវកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ
ដោយសារការរឹតបន្តឹងការចូលទៅដល់តំបន់ជម្លោះ និងការកាត់បន្ថយថវិកាជំនួយ។
ស្របពេលជាមួយគ្នានេះ រដូវវស្សាដែលខិតជិតមកដល់
រួមផ្សំនឹងផលប៉ះពាល់ពីវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃប្រេង
និងជីឡើងថ្លៃ ក៏នឹងធ្វើឱ្យស្ថានភាពស្បៀងអាហារនៅក្នុងប្រទេសស៊ូដង់
កាន់តែមានភាពដុនដាបបន្ថែមទៀតផងដែរ៕ (Reuters)

Post a Comment