អាមេរិក អះអាងថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់នៅតែមានសុពលភាព ទោះបីជាមានការបាញ់ប្រហារគ្នានៅតំបន់ឈូងសមុទ្រ
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នាថ្ងៃអង្គារនេះបានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់មិនទាន់បានបំពានលើ បទឈប់បាញ់ដ៏ផុយស្រួយនោះឡើយទេ បន្ទាប់ពីភាគីទាំងពីរបានបើកការបាញ់ប្រហារដាក់គ្នា កាលពីថ្ងៃចន្ទ អំឡុងពេលដែលកងទ័ពអាមេរិកព្យាយាមបើកផ្លូវឱ្យនាវាចរណ៍នៅច្រកសមុទ្រហ័រមូស។
យោធាអាមេរិកបានឱ្យដឹងថា
ខ្លួនបានកម្ទេចទូកតូចៗរបស់អ៊ីរ៉ង់ចំនួន ៦គ្រឿង រួមទាំងមីស៊ីលគ្រូស
និងដ្រូនជាច្រើនគ្រឿងទៀត បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ
បានបញ្ជាឱ្យកងទ័ពជើងទឹកនាំផ្លូវនាវាដឹកប្រេងឱ្យចាកចេញពីតំបន់រាំងខ្ទប់ ក្រោមយុទ្ធនាការ
«Project
Freedom»។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក
ភីត ហេចសេត (Pete Hegseth) បានសង្កត់ធ្ងន់ថា
បេសកកម្មនេះមានលក្ខណៈការពារតែប៉ុណ្ណោះ ហើយបទឈប់បាញ់ដែលមានរយៈពេលបួនសប្តាហ៍មកហើយនោះ
មិនទាន់ត្រូវបានបញ្ចប់ឡើយ។ លោកបានបញ្ជាក់ថា «យើងមិនចង់បង្កសង្គ្រាមទេ...បច្ចុប្បន្នបទឈប់បាញ់នៅតែមានសុពលភាព
ប៉ុន្តែយើងនឹងតាមដានស្ថានការណ៍យ៉ាងហ្មត់ចត់បំផុត»។
ដោយឡែក
ខាងភាគីអ៊ីរ៉ង់ក៏បានបាញ់មីស៊ីលទៅលើនាវាចម្បាំងអាមេរិក កាលពីថ្ងៃចន្ទ
ព្រមទាំងបានវាយប្រហារលើប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ផងដែរ។
ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាំម៉ាត់ បាខឺ កាលីបាហ្វ (Mohammad Baqer Qalibaf)
បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា
ជាអ្នកបំពានបទឈប់បាញ់ និងធ្វើឱ្យនាវាចរណ៍មានគ្រោះថ្នាក់។
លោកបានឌឺដងតាមបណ្តាញសង្គមថា «យើងដឹងច្បាស់ថា
ស្ថានភាពបច្ចុប្បន្នគឺជាបន្ទុកដ៏ធ្ងន់ដែលអាមេរិកមិនអាចទ្រាំទ្របាន
ខណៈដែលយើងមិនទាន់ទាំងបានចាប់ផ្តើម (វាយបក) អ្វីនៅឡើយផង»៕ (Reuters)

Post a Comment