ក្រសួង៣សហការគ្នាផ្សព្វផ្សាយស្តីពី«រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ» និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពី ការហាមឃាត់ ការផលិត ផ្សព្វផ្សាយ និងចែកចាយនូវមាតិកា ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស និងតម្លៃស្រ្តីខ្មែរ
អត្ថបទ៖ ថោង វណ្ណា
ភ្នំពេញ៖ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ មានរៀបចំសិក្ខាសាលាស្តីពី«រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ» និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពី ការហាមឃាត់ ការផលិត ផ្សព្វផ្សាយ និងចែកចាយនូវមាតិកា ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស និងតម្លៃស្ត្រីខ្មែរ, អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលមានក្រសួងចំនួន៣ គឺក្រសួងព័ត៌មាន, ក្រសួងកិច្ចការនារី, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរួមគ្នារៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង ថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌សង្គម និងសុភមង្គលនៅក្នុងគ្រួសារ លើកកម្ពស់ស្ថានភាព តួនាទី និងសុខុមាលភាពស្ត្រីខ្មែរ។សិក្ខាសាលានេះក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីរដ្ឋលេខាធិការក្រសួងព័ត៌មាន, រដ្ឋលេខាធិការតំណាងក្រសួងកិច្ចការនារី, រដ្ឋលេខាធិការតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្ត្រីរាជការក្រសួងទាំង៣, តំណាងសមាគមអ្នកសារព័ត៌មាន, តំណាងសមាគមសិល្បៈ, ពិធីករ ពិធីការិនី, អ្នកផលិតមាតិកាព័ត៌មាន, អ្នកផ្សាយពាណិជ្ជកម្ម, អ្នកលក់អនឡាញ និងសិស្ស និស្សិតមកពីសាលាប៊ែលធី សរុបអ្នកចូលរួមមានចំនួន ៣១០ នាក់។
ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឡើងមានមតិបើកសិក្ខាសាលាដោយថ្លែងបញ្ជាក់ថា សិក្ខាសាលានៅថ្ងៃនេះ គឺកើតចេញដោយមានក្រសួងចំនួន៣ គឺក្រសួងព័ត៌មាន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងកិច្ចការនារី ក្រោមប្រធានបទ«រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ» ជាការផ្តើមចេញពីគំនិតរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។
ឯកឧត្តម ជុំ កុសល បានឱ្យដឹងថា ក្រសួងព័ត៌មាន ដែលមានតួនាទីសំខាន់ ក្នុងនាមជាអ្នកសម្របសម្រួលពាក់ព័ន្ធទៅនិងការផ្សព្វផ្សាយ ហើយបច្ចុប្បន្នសង្គមមានការវិវត្តន៍ ជាសម័យបច្ចេកវិទ្យា សម័យឌីជីថល ការប្រើប្រាស់បណ្តាញសង្គមជំនួសប្រព័ន្ធផ្សព្វផ្សាយបុរាណ។ ការផ្សព្វផ្សាយបណ្ដាញបុរាណតាមទូរទស្សន៍ ការផលិតកម្មវិធីនីមួយៗ មិនមែនចេះតែចេញផ្សាយដោយពុំមានការគិតគូរវែងឆ្ងាយ ឬមិនមានការឆ្លងកាត់ត្រួតពិនិត្យទេ សូម្បីតែអ្នកអាន ឬអ្នកនិយាយ ក៏មានការប្រយ័ត្នក្នុងការប្រើពាក្យពេចន៍ អញ្ចឹងឥទ្ធិពលអវិជ្ជមានកើតចេញពីប្រព័ន្ធផ្សព្វផ្សាយមិនមាន ឬមានដោយអចេតនាពេលផ្សាយផ្ទាល់ក្នុងការប្រើប្រាស់ពាក្យពេចន៍ ឬសំលៀកបំពាក់ជាដើម។
លោកជំទាវ ហ៊ូ និរមិត្តា រដ្ធលេខាធិការក្រសួងកិច្ចការនារី បានឡើងធ្វើបទបង្ហាញអនុក្រឹត្យលេខ ៨៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណ:កម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដោយបានបង្ហាញពីតួនាទី ភារកិច្ចរបស់ គ.ជ.ស.ស.ខ ក្នុងការតាមដានណែនាំ និងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវអនុក្រឹត្យ ២៣៤ ឧស្សាហកម្មភាពយន្ត ខែវិច្ឆិកា ឆ្នាំ២០១៦, ការសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់ការផ្សព្វផ្សាយរូបភាពអាសអាភាស ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ។
លោកជំទាវ ហ៊ូ និរមិត្តា បន្តថា ការធ្វើអាជីវកម្មឌីជីថលដែលប្រាសចាកពីសីលធម៌ និងសេចក្តីថ្លៃថ្នូរ ការប្រើប្រាស់បច្ចេកវិទ្យា ដូចជា ( AI ) ក្នុងផ្លូវអវិជ្ជមាន។ល។, រូបភាពថ្មីនៃអំពើហឹង្សាតាមបច្ចេកវិទ្យា (ការបន្តុះបង្អាប់តាមប្រព័ន្ធអនឡាញ Bully ការតាមដានជនរងគ្រោះដោយមិនបានអនុញ្ញាត Stalking ការរើសអើងយេនឌ័រ។ល។ ដែលបញ្ហាទាំងនេះ តម្រូវឱ្យមានកិច្ចសហការពីក្រសួង ស្ថាប័ន និងដៃគូរពាក់ព័ន្ធ ក្នុងការចាត់វិធានការឆ្លើយតបជាលក្ខណៈប្រព័ន្ធ និងស្វ័យប្រវត្តិ ទាល់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ជាងមុន និងចីរភាព។
លោកជំទាវក៏បានស្នើឱ្យបណ្តាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងផ្នែករដ្ធ និងឯកជន ត្រូវបន្តបង្កើនកម្មវិធីអប់រំល្អៗឱ្យកាន់តែច្រើនថែមទៀត ក្នុងន័យអប់រំសីលធម៌ សុជីវធម៌ រួមទាំងការស្លៀកពាក់ ការប្រើពាក្យសំដី កាយវិការ នឹងខ្លឹមសារសម្តែង ឱ្យមានភាពសមរម្យ និងថ្លៃថ្នូរ ដើម្បីឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិមួយ ដែលមានអារ្យធម៌ខ្ពស់។ គ្រប់ក្រសួង ស្ថាប័នទាំងអស់ បន្តជំរុញផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗដូចជា ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនិងនារីភេទ។ល។
ដោយឡែកលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ធលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានធ្វើការអំពាវនាវដោយជំរុញឱ្យមានការលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌ សុជីវធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរយើង ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីចង់ឱ្យកូនខ្មែរទាំងអស់មានសីលធម៌ សុជីវធម៌ ចេះស្រឡាញ់ ចេះថែរក្សា ការពារវប្បធម៌ នៅក្នុងជីវិតរស់នៅ ឱ្យក្លាយទៅជាទម្លាប់ដ៏ល្អជាប្រចាំនៅក្នុងសង្គម ព្រោះថាអនាគតរបស់ប្រទេសមួយរុងរឿងទៅបាន គឺពឹងផ្អែកលើកម្រិតវប្បធម៌របស់ប្រជាជននៃសង្គមនោះ។
ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធិការិនី និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម គឺត្រូវទទួលស្គាល់ និងចងចាំជានិច្ចថា ចំនួន Like ចំនួន Share និងចំនួន View មិនអាចក្លាយជាគោលដៅសំខាន់លើសពីតម្លៃសីលធម៌ សច្ចធម៌ សុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គមបានឡើយ។
ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបន្តថា អ្នកដែលមានវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម មានឥទ្ធិពលយ៉ាងខ្លាំងលើការគិត ការយល់ឃើញ រសនិយម និងការផ្លាស់ប្តូរឥរិយាបថរបស់សាធារណជន ជាពិសេសគឺយុវជន ដូច្នេះមាតិកាដែលបានផលិត និងផ្សព្វផ្សាយ គឺត្រូវផ្អែកលើការពិត ភាពត្រឹមត្រូវ គុណធម៌ សីលធម៌ សច្ចធម៌ សុចរិតភាព និងការគោរពតម្លៃមនុស្ស មាតិកាល្អមិនត្រឹមទទួលបានការចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែជួយលើកកម្ពស់ចំណេះដឹង សីលធម៌ សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាពនៅក្នុងសង្គមទៀតផង។
ការផ្សព្វផ្សាយ ការប្រើប្រាស់រូបភាពស្ត្រីនៅក្នុងន័យបង្អាប់ បន្ថោកតម្លៃមិនសមរម្យ ឬយកទៅធ្វើជាកម្មវត្ថុនៃការផ្សព្វផ្សាយមាតិកាអសីលធម៌ គឺជារឿងដែលយើងគ្រប់គ្នាមិនអាចទទួលយកបានឡើយ គឺជាទង្វើដែលអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធីការិនី អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់បណ្តាញសង្គម គួរចៀសវាងឱ្យបានជាដាច់ខាត, ការគោរពស្ត្រី ជាការគោរពមាតា គោរពគ្រួសារ គោរពសង្គម និងគោរពអត្តសញ្ញាណជាតិខ្មែរ ហើយស្ត្រីមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ឬបម្រើផលប្រយោជន៍ខាងផ្នែកពាណិជ្ជកម្មដោយប្រាសចាកពីសីលធម៌នោះឡើយ៕
ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបន្តថា អ្នកដែលមានវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម មានឥទ្ធិពលយ៉ាងខ្លាំងលើការគិត ការយល់ឃើញ រសនិយម និងការផ្លាស់ប្តូរឥរិយាបថរបស់សាធារណជន ជាពិសេសគឺយុវជន ដូច្នេះមាតិកាដែលបានផលិត និងផ្សព្វផ្សាយ គឺត្រូវផ្អែកលើការពិត ភាពត្រឹមត្រូវ គុណធម៌ សីលធម៌ សច្ចធម៌ សុចរិតភាព និងការគោរពតម្លៃមនុស្ស មាតិកាល្អមិនត្រឹមទទួលបានការចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែជួយលើកកម្ពស់ចំណេះដឹង សីលធម៌ សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាពនៅក្នុងសង្គមទៀតផង។
ការផ្សព្វផ្សាយ ការប្រើប្រាស់រូបភាពស្ត្រីនៅក្នុងន័យបង្អាប់ បន្ថោកតម្លៃមិនសមរម្យ ឬយកទៅធ្វើជាកម្មវត្ថុនៃការផ្សព្វផ្សាយមាតិកាអសីលធម៌ គឺជារឿងដែលយើងគ្រប់គ្នាមិនអាចទទួលយកបានឡើយ គឺជាទង្វើដែលអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធីការិនី អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់បណ្តាញសង្គម គួរចៀសវាងឱ្យបានជាដាច់ខាត, ការគោរពស្ត្រី ជាការគោរពមាតា គោរពគ្រួសារ គោរពសង្គម និងគោរពអត្តសញ្ញាណជាតិខ្មែរ ហើយស្ត្រីមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ឬបម្រើផលប្រយោជន៍ខាងផ្នែកពាណិជ្ជកម្មដោយប្រាសចាកពីសីលធម៌នោះឡើយ៕












Post a Comment