ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ ២០២៦” បង្ហាញពីទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកបណ្ឌិត SHAHARUDDIN ONN ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម “ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ ២០២៦” (Malaysia Travel and Shopping Fair 2026) ដែលមានការចូលរួមពីក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមប្រឹក្សាសុខាភិបាលម៉ាឡេស៊ី និងក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនផ្សេងទៀត ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ ២០២៦ នឹងប្រារព្ធឡើងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២៣ -២៤ ខែឧសភា ឆ្នាំ២០២៦ អ៊ីអនម៉លភ្នំពេញ ឬអ៊ីអន១។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា វិស័យទេសចរណ៍ ពិតជាមិនអាចកាត់ផ្តាច់បានពីកត្តាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងសង្គម ព្រមទាំងកិច្ចសហប្រតិបត្តិអន្តរជាតិជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីជំរុញការធ្វើដំណើរផ្លាស់ប្តូរប្រជាជន អ្នកវិនិយោគិន អ្នកធ្វើដំណើរ និងអ្នកធ្វើទេសចរ ព្រមទាំងការតភ្ជាប់តាមផ្លូវអាកាសមកកម្ពុជាពីគ្រប់តំបន់នានានៃពិភពលោក។ ហើយវិស័យនេះ ត្រ គឺជាវិស័យអាទិភាព និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ ដែលផ្តល់ជូនបទពិសោធន៍ទេសចរណ៍ប្លែក បៃតងស្រស់ស្អាត និងបរិយាកាសត្រជាក់ ជាមួយអត្ថប្រយោជន៍ពិសេសជាច្រើន ស្របតាមពាក្យស្លោក “6 Musts” រួមមាន Must See, Must Stay, Must Taste, Must Visit, Must Try និង Must Buy

ព្រឹត្តិការណ៍នេះ ក៏មានការរៀបចំកម្មវិធីជាច្រើន ដើម្បីផ្តល់បទពិសោធវប្បធម៌ម៉ាឡេស៊ីដល់សាធារណជន រួមមាន ការបង្ហាញសម្លៀកបំពាក់ម៉ាឡេស៊ី ការបង្ហាញចម្អិនអាហារម៉ាឡេស៊ី ការសម្តែងសិល្បៈពីសិល្បករម៉ាឡេស៊ី ការគូរគំនូរ Batik ម៉ាឡេស៊ីដោយឥតគិតថ្លៃ ស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនខ្មែរ និងម៉ាឡេស៊ី ការចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់ជាច្រើន រួមទាំងសំបុត្រយន្តហោះ ព្រមទាំងការផ្តល់ព័ត៌មានអំពីដំណើរកម្សាន្ត និងសេវាវេជ្ជសាស្ត្រនៅប្រទេសម៉ាឡេស៊ីផងដែរ ដោយព្រឹត្តិការណ៍ទាំងនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ ការតភ្ជាប់ប្រជាជននិងប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់តែសកម្ម ស៊ីជម្រៅ រឹងមាំ និងផ្តល់ជាប្រយោជន៍អតិបរមាដល់ប្រជាជននៃប្រទេសទំាងពីរបន្ថែមទៀត៕
















 

Powered by Blogger.